ការ៉ាកាស់ ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកនេះថា បាតុកម្មដែលអូសបន្លាយចាប់តាំងពីដើមខែមេសាមកនៅប្រទេសវេណេស៊ុយអេឡាបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន១០៥នាក់បានស្លាប់បាត់បង់អាយុជីវិត។
ពាក់ព័ន្ធនឹងរឿងនេះ ភាគីទាំងសងខាងគឺរដ្ឋាភិបាលនិងបក្សប្រឆាំង (MUD) បានទម្លាក់កំហុសលើគ្នាទៅវិញទៅមក សម្រាប់ការស្លាប់ទាំងនេះ ដោយរដ្ឋាភិបាលវេណេស៊ុយអេឡា បានចោទប្រកាន់ MUD ថាបានទៅជួលពួកឧក្រិដ្ឋជនបាតផ្សារ ឲ្យដើរបង្កភាពចលាចលនិងអំពើហិង្សា ខណៈគណបក្សប្រឆាំងបានចង្អុលមុខក្រុមមន្ត្រីប៉ូលិសនិងកម្លាំងយោធាក្រោមការបង្គាប់របស់រដ្ឋាភិបាលថា ជាអ្នកបង្កហេតុ។នេះតាមអគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា។
លោកបន្តថា ផ្ទុះបាតុកម្មនៅប្រទេសអាមេរិកឡាទីនក្នុងគោលបំណងទាមទារឲ្យមានការបោះឆ្នោតជ្រើស មេដឹកនាំថ្មីមុនពេលកំណត់, ទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយនានា, និងបញ្ឈប់ការប៉ុនប៉ងរបស់រដ្ឋាភិបាលលោក Nicolas Maduro ដែលចង់កែប្រែរដ្ឋធម្មនុញ្ញឡើងវិញ តាមរយៈការបង្កើតសភាធម្មនុញ្ញ ANC៕