រាជធានីភ្នំពេញ ៖ មន្ត្រីបរិស្ថានបានអះអាងថា យ៉ាងតិចកូនសត្វត្រដក់ធំ ជិតផុតពូជនៅលើពិភពលោកប្រមាណ១៧៥សំបុកបានញាស់ចេញដោយជោគជ័យក្នុងប្រទេសកម្ពុជា ខណកូនត្រដក់ធំទាំងនោះត្រូវបានមើលថែនិងការពារដោយយកចិត្តទុកដាក់បំផុត ។
បើតាមមន្ត្រីក្រសួងបរិស្ថានឲ្យដឹងថា កូនសត្វត្រដក់ធំជិតផុតពូជ ដែលបានញាស់ចេញនេះ ស្ថិត នៅតំបន់រ៉ាមសារ ព្រែកទាល់ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង និងបានហោះចាកចេញពីសំបុកទៅទីជម្រកធម្មជាតិនានាក្នុងប្រទេសកម្ពុជា។
យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន សំបុកសត្វត្រដក់ធំទាំងនោះ បានទទួលការមើលថែ និងការពារយ៉ាងយកចិត្តទុកដាក់ សម្រាប់រយៈពេល៦ខែកន្លងទៅ ពីសំណាក់មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ប្រជាជននៅភូមិព្រែកទាល់ និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។
សូមជម្រាបថា សត្វត្រដក់ធំមានកម្ពស់ដល់ទៅ១.៥ម៉ែត្រ និងជាប្រភេទសត្វ ជិតផុតពូជលើពិភពលោក ដោយមានចំនួនចន្លោះពី៨០០ទៅ១ពាន់ក្បាលប៉ុណ្ណោះ។ ដោយឡែកនៅកម្ពុជា សត្វត្រដក់ធំនេះ មានចំនួនពី១៥០ទៅ២០០គូប៉ុណ្ណោះ ៕