តុលាការ​កំពូលប៉ាគីស្ថានសម្រេចបញ្ចប់ តួនាទីនាយករដ្ឋមន្ត្រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 July, 2017 ក+ ក-

​ប៉ា​គី​ស្ថាន ៖ តុលាការ​កំពូល​ប៉ា​គី​ស្ថាន​កាលពី​ម្សិលមិញ​បានសម្រេច​ចិត្ត​ដកតំណែង​នាយករដ្ឋមន្ត្រី លោក Nawaz Sharif បន្ទាប់ពី​រកឃើញ​មាន​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បតិ្ត​គ្រួសារ​របស់លោក​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​ចៅក្រម Ejaz Afzal Khan នៅក្នុង​តុលាការ​បាន​ថ្លែងថា ការសម្រេចចិត្ត​បែបនេះ​របស់​តុលាការ​កំពូល​ប៉ា​គី​ស្ថាន ធ្វើឡើង​ក្រោយ​លេច​ធ្លាយ​នូវ​រឿងអាស្រូវ​ពុករ​លុយ Panama Papers កាលពី​ឆ្នាំ​២០១៥ ដែលថា កូនប្រុស​របស់​នាយក​រដ្ឋមន្ត្រី​រូបនេះ មាន​ក្រុមហ៊ុន​លួចលាក់​ជាច្រើន​នៅឯ​បរទេស​។ លោក​បាន​បញ្ជាក់ថា លោក Nawaz Sharif លែងមាន​សិទ្ធិ​ស្របច្បាប់ ធ្វើ​សមាជិកសភា​ទៀត​បានឡើយ ហើយ​គាត់​ត្រូវ​បញ្ចប់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​។​
​ទោះជា​បែបនេះ​ក្តី​នាយករដ្ឋមន្ត្រី​វ័យ​៦៧​ឆ្នាំ​ដែល​ឡើងកាន់តំណែង​ចាប់តាំងពី​ឆ្នាំ​២០១៣​មក បាន​បដិសេធ ហើយ​បាន​ហៅ​ការស៊ើបអង្កេត​នេះ​ថា លំអៀង និង​មិន​ត្រឹមត្រូវ ខណៈ​តុលាការ​កំពូល ក៏បាន​បង្គាប់​ឱ្យ​បើក​ការស៊ើបអង្កេត លើ​បទឧក្រិដ្ឋ​ប្រឆាំងនឹង​នាយករដ្ឋមន្ត្រី​រូបនេះ​ផងដែរ​៕

3