ជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានឲ្យដឹងថា កាលពីម្សិលមិញកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ទៀតហើយ បន្ទាប់ពីគម្រប់ខួបសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ កន្លងផុតទៅបានមួយថ្ងៃ។ នេះបើតាមការផ្សាយដោយសារព័ត៌មានអង់គ្លេស BBC។
នាយករដ្ឋមន្ត្រីជប៉ុនរូបនបានបន្តថា មីស៊ីលនោះទំនងជាបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលស្ថិតក្នុងដែនសមុទ្រជប៉ុន ដែលហោះមានចំងាយប្រមាណ១០០០គីឡូម៉ែត្រ។
ជាមួយគ្នានេះ អគ្គសេនាធិការចម្រុះនៃយោធាកូរ៉េខាងត្បូង ក៏បានឲ្យដឹងផងដែរថា មីស៊ីលនេះត្រូវបានបាញ់ចេញពីខេត្ត Jagang ភាគខាងជើង នៃប្រទេសកូរ៉េខាងជើង កាលពីវេលាម៉ោង១១ និង៤១នាទីយប់ថ្ងៃសុក្រនេះ (ម៉ោងនៅកូរ៉េខាងត្បូង)។ ម្យ៉ាងវិញទៀត ក្រសួងការពារជាតិអាមេរិក ក៏បានបញ្ជាក់ដែរថា សកម្មភាពបាញ់គ្រាប់មីស៊ីលផ្លោងចំនួនមួយគ្រាប់ត្រូវចាប់សញ្ញាបានពីកូរ៉េខាងជើង៕