កូរ៉េខាងជើង​ប្រកាស​ពី​ជោគជ័យ​នៃ​ការធ្វើ​តេស្ត​មី​ស៊ី​ល ICBM លើក​ទី​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 July, 2017 ក+ ក-

​សេ​អ៊ូ​ល ៖ កូរ៉េខាងជើង​បានចេញ​មុខ​ប្រកាស​ពី​ជោគជ័យ បន្ទាប់​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ICBM Hwasong-14 កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ដែល​នេះ​ជា​ជោគជ័យ​លើក​ទី​២ បន្ទាប់ពី កាលពីដើម​ខែកក្កដា​នេះ​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ ក៏បាន​ធ្វើតេស្ត​មី​ស៊ី​ល​ប្រភេទ​នេះផងដែរ​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ធ្វើឡើង​ក្រោម​ការបង្គាប់បញ្ជា​ពី​សំណាក់ ប្រមុខ​ដឹកនាំ​របស់ខ្លួន គឺ​លោក គីម ជុន​អ៊ុន​។ មី​ស៊ី​ល​នេះ​រត់​បាន​ចម្ងាយ​៩៩៨​គីឡូម៉ែត្រ ក្នុង​រយៈពេល​ប្រមាណ​៤៧​នាទី ហើយ​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​ខាងកើត ឬ​ហៅថា​សមុទ្រ​ជប៉ុន ក្រោយពី​វា​បាន​ឡើងដល់​កម្ពស់​ជា​អតិបរមា​៣,៧២៤.៩​គីឡូម៉ែត្រ​។​
​ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​បញ្ជាក់ថា ការ​តេស្ត​ថ្មី​ចុងក្រោយ​បំផុត​នេះ បាន​ស្តែង​ឲ្យ​ឃើញ​យ៉ាង​ជាក់ច្បាស់ ពី​ភាព​គួរ​ឲ្យ​ទុកចិត្តបាន​នៃ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​របស់​យើង រួមទាំង​សមត្ថភាព​នៃ​ការបាញ់​បង្ហោះ​វា ក្នុងស្ថានភាព​ដែល​នឹង​បង្ក​ភាព​ភ្ញាក់ផ្អើល​គ្មាន​ការដឹង​ទុកជាមុន នៅ​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​ទាំងអស់​។ ជាងនេះទៅទៀត មេដឹកនាំ​របស់​យើង បាន​លើកឡើងថា សហរដ្ឋអាមេរិក គឺ​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​នៃ​ការវាយប្រហារ​របស់​ពួកយើង​៕

1