ក្រុមប្រឹក្សាធម្មនុញ្ញ និង​ក្រសួងការពារជាតិ​ថ្កោលទោស​ចំពោះ​ចេតនា​ទុច្ចរិត​របស់​បុគ្គល ប្រ៊ែ​ដ អាដាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ និង​ក្រសួងការពារជាតិ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​នេះ​បាន ប្រកាស​ថ្កោលទោស និង​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​មួលបង្កាច់ ដោយ​ចេតនា​ទុច្ចរិត​របស់​បុគ្គល ប្រ៊ែ​ដ អាដាម នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ដែល​បាន​លើ​ឡើង តាម​វិទ្យុ​អាស៊ីសេរី ធ្វើ​ឲ្យ​ប៉ះពាល់​មកលើ​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ក្រសួងការពារជាតិ រួមទាំង​ស្ថាប័ន​កំពូលៗ​ដទៃទៀត​របស់​កម្ពុជា​។​
​ក្រុមប្រឹក្សាធម្មនុញ្ញ​បានចេញ​នូវ​សេចក្តីថ្លែងការណ៍​មួយ​នៅថ្ងៃនេះ ដោយមាន​ខ្លឹមសារ​សង្កត់ធ្ងន់ថា «​ការលើកឡើង​របស់ លោក ប្រ៊ែ​ដ អាដាម នេះ ជាការ​រំលោភ​លើ​ឯករាជ្យ អធិបតេយ្យ រំ​លោព​លើក​រដ្ឋធម្មនុញ្ញ និង​កិច្ចការ​ផ្ទៃក្នុង របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ទន្ទឹម​នោះ​ក្រុមប្រឹក្សាធម្មនុញ្ញ​សូម​ថ្កោលទោស និង​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ ការ​មួលបង្កាច់​ដោយ​ចេតនា​ទុច្ចរិត​របស់​បុគ្គល​នេះ ដែល​បាន​រំលោភបំពាន​ធ្ងន់ធ្ងរ ដល់​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ ដល់​សាធារណមតិ​ជាតិ និង​អន្តរជាតិ​»​។​
​ចំណែក​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ ត្រូវបាន​សារព័ត៌មាន ក្នុងស្រុក​ដកស្រង់​សំដី​យកមក​ចុះផ្សាយ​ថា ក្រសួងការពារជាតិ​ក៏បាន​ច្រានចោល​ទាំងស្រុង ចំពោះ​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​បុគ្គល ប្រ៊ែ​ដ អាដាម ដោយ​លោក​អះអាងថា កងទ័ព​កម្ពុជា​មានកា​រដឹក​នាំ​ត្រឹមត្រូវ លើ​កិច្ចការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​របស់​ជាតិ គ្មាន​ពេលវេលា​ទៅ​ថត​ខ្សែភាពយន្ត​នោះឡើយ​។​
​អ្នកនាំពាក្យ​រូបនោះ​ប្រតិកម្ម​ដូច្នេះ ខណដែល​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​ដកស្រង់​សម្តី​របស់ ប្រ៊ែ​ដ អាដាម ដែល​រិះគន់​អ្នកស្រី អិន​ជេ​លី​ណា ជូ​លី ដែលថា សហការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​៥០០​នាក់ ដើម្បី​ថត​ភាពយន្ត «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​»​។ ទន្ទឹម​នោះ​វិទ្យុ​អាស៊ីសេរី​បាន​ប្រើពាក្យ​ថា កងទ័ព​កម្ពុជា​ថា ជា​កងទ័ព​របស់​ខ្មែរក្រហម ហើយ​បាន​រិះគន់ថា កងទ័ព​បច្ចុប្បន្ននេះ បាន​បម្រើ​ជន​ផ្តាច់ការ ហើយ​លោកស្រី អិន​ជេ​លី​ណា ជូ​លី មិនគួរ​សហការ​ជាមួយ​កងទ័ព​ទាំង​នោះទេ​។​
​លោក ឈុំ សុជាតិ បាន​ប្រតិកម្ម​ថា ការលើកឡើង​បែបនេះ គឺជា​ការប្រមាថ​ធ្ងន់ធ្ងរ ដល់​កងយោធពល​ខេមរភូមិន្ទ ដែលជា​រដ្ឋ​អធិបតេយ្យ​មួយ ដែល​យើង​មាន អំណាច​ពេញលេញ ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​។ ទោះបីជា​យើង​មិនបាន​ចូលរួម​ថត​ភាពយន្ត​នេះ ប៉ុន្តែ​កងទ័ព​កម្ពុជា គឺមាន​សិទ្ធិ​ក្នុងការ​ចូលរួម​ផ្សេងៗ​។ ប្រ៊ែ​ដ អាដាម បាន​តាំងខ្លួន​ជា​អ្នក​សិទ្ធិមនុស្ស ប៉ុន្តែ​បែរជា​និយាយ​មាក់ងាយ​ដល់ សិទ្ធិ​របស់​កងទ័ព​ក​ម្ពុ​ជា​ទៅវិញ ។​
​អ្នកនាំពាក្យ​រូបនោះ​អះអាងថា លោក​បាន​យល់​យ៉ាងច្បាស់ អំពី​គំនិត​ទុ​ច្ច​រឹត​របស់ លោក ប្រ៊ែ​ដ អាដាម មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ថា មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ តែងតែ​ឆ្លៀត​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​ជានិច្ច ហើយ​មិនដែល​បាន​មើលឃើញ​នូវ​ចំណុច​ល្អ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះទេ ៕

fn-2017-07-31-11-44-21-0fn-2017-07-31-11-47-42-0