ចាប់​រថយន្ត​កងទ័ព​ដឹកឈើ​ពេញប្រៀប តែ​ហាម​មិន​ឲ្យ​ថត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2017 ក+ ក-

​ខេត្តកណ្តាល ៖ កាលពី​ថ្ងៃទី ៣០ ខែកក្កដា​ឆ្នាំ ២០១៧ កម្លាំង​រដ្ឋបាល​ព្រៃឈើ​របស់​ខេត្តកណ្តាល ប្រដេញ​ចាប់បាន​រថយន្ត​យោធា​មួយគ្រឿង​ដឹកឈើ​ពេញ​គ្រប​តង់​ជិត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ម្តុំ​ព្រែក​ព្នៅ​។ ក្រោយ​ឃាត់​បាន​អ្នកបើកបរ​ដាក់​មេ​ប្រូច​បាត់ ក្រោយមក​រថយន្ត​នោះ​ត្រូវបាន​បញ្ជូនមក​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អង្គស្នួល ស្ថិតនៅក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ដើម្បី​ធ្វើការ​វាស់វែង ។​
​រថយន្ត​ខាងលើ​ត្រូវគេ​រាយការណ៍​ថា ដឹកឈើ​ល្មើសច្បាប់ ដោយ​អាង​ស្បែក​រថយន្តយោធា​ធ្វើជា​ខ្នង​ដោយមាន​អ្នករកស៊ី​ជា​អ្នកមានអំណាច​នៅ​ពីក្រោយ សូម្បី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក៏បាន​ចូលរួម​បិទបាំង​ស្លាក​សញ្ញា ឡូហ្គោ ដែល​បិទ​លើ រថយន្ត​នោះ​ទៀតផង ហើយ មិនអោយ​អ្នកកាសែត​ថត​យក​រូប​ភាព​ឡូហ្គោ​អង្គភាព​ដែល​បិទ​ជាប់​លើ​រថយន្ត​នោះទេ ។​
​លោក ដា​រ៉ា​រ័ត្ន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្តាល​បាន​ប្រាប់​អ្នកកាសែត​ថា លោក​មិនដឹង​រឿង​នឹះ​ទេ លោក​កំពុង​នៅក្រៅ​ប្រទេស​មានរឿង​អី​អាច​សួរ​ទៅ​នាយរង​ដែល​លោក​បាន​ផ្ទេរសិទ្ធិ និង​សួរ​ទៅខាង​សង្កាត់​ផ្ទាល់ ។​
​ដោយឡែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សង្កាត់​អង្គស្នួល​កុំថាឡើយ​សួរ សូម្បីតែ​អោយនៅ​ក្បែ​កន្លែង​រាប់​ឈើ​ក៏​មិន​អនុញ្ញាត​ដែរ ដោយ​គេ​ថា​ចាំ​សម្រេច​ពី​មេ​សិន តែ​ក្រោយមក​ពេល​ព្រមអោយ​ចូល​ថត ឡូហ្គោ នោះ តែ​ត្រូវគេ​លួច​ហែក​ចោល​នៅសល់តែ​ស្នាម​ព្រៀលៗ​ដែលមាន​សរសេរ​អក្ស M នៅ​ចំ​កណ្តាល​ឡូហ្គោ​។​
​លោក ទឹម ស៊ី​ថង់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អង្គស្នួល​លើកឡើងថា លោក​មិន​ស្គាល់ ឡូហ្គោ នោះ​ជា​របស់​អង្គភាព​ណា​ទេ និង​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​លើ​ករណីនេះ ។​
​លុះ​មកដល់​ព្រឹក​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០១៧ ម្សិលមិញ នេះ កម្លាំង​ជំនាញ​កំពុង​រាប់​ចំនួន​ឈើ​នៅក្នុង​រថយន្ត តែ​គេ​មិនទាន់​បង្ហាញថា មាន​ប្រភេទ​ឈើ​អ្វីខ្លះ និង​មាន​ចំនួន​ប៉ុន្មាន ហើយ​ជា​របស់​អ្នកណា​នៅឡើយ​ទេ​៕

20563059_1914770248761536_984498335_n20527521_1914770238761537_1194433961_n