ពលរដ្ឋ​កូរ៉េខាងជើង​ចូលក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​មានការ​កើនឡើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2017 ក+ ក-

​បាងកក ៖ យោងតាម​មន្ត្រី​ការិយាល័យ​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា ចំនួន​ពលរដ្ឋ​កូរ៉េខាងជើង​ដែល​បាន ចូលក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​គឺ​បាន​កើនឡើង​ក្នុងពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ខណៈ​ភាព​តានតឹង​បាន​កើនឡើង​នៅ​ឧបទ្វីប​កូរ៉េ​ដោយសារតែ​កម្មវិធី​អាវុធ​របស់​ទីក្រុង​ព្យុងយ៉ាង​។​
​ប្រទេស​ថៃ​គឺ​ស្ថិតនៅ​លើផ្លូវ​ឆ្លងកាត់​ដ៏​ពេញនិយម​មួយ​សម្រាប់​ប្រជាជន​កូរ៉េខាងជើង​ដែល​បាន​ចាក​ចេញពី​រដ្ឋ​កុ​ម្មុយ​នី​ស​ក្រីក្រ​មួយ​នេះ​។ មនុស្ស​រាប់រយ​នាក់​បាន​ភៀសខ្លួន​ជា​រៀងរាល់ឆ្នាំ​ទៅកាន់​ប្រទេស​ចិន​និង​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​បន្ទាប់ពី​ដំណើរ​ឆ្លងកាត់​តាមផ្លូវ​គោក​ពី​កន្លែង​ដែល​ពួកគេ​ជាទូទៅ​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​កូរ៉េខាងត្បូង​។​
​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​អន្តោប្រវេសន៍​របស់​ប្រទេស​ថៃ​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៦ មាន​ជនជាតិ​កូរ៉េខាងជើង​ចំនួន​៥៣៥​នាក់​បាន​ទៅដល់​ប្រទេស​ថៃ​ប៉ុន្តែ​ក្នុង​រយៈពេល​ត្រឹមតែ​៦​ខែ​ដំបូង​ប៉ុណ្ណោះ​នៃ​ឆ្នាំនេះ​គឺមាន​ចំនួន​៣៨៥​នាក់​ទៅហើយ​។​
​មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​ដែល​បាន​និយាយ​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា “​ពលរដ្ឋ​កូរ៉េខាងជើង​ជា​មធ្យម​ពី​២០​ទៅ​៣០​នាក់​បានមក​ដល់​រាល់​សប្ដាហ៍​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​”​។​
​ការកើនឡើង​នេះ​បានកើត​ឡើង​បើទោះបីជា​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹងតែង​ដោយ​កូរ៉េខាងជើង​នៅតាម​ព្រំដែន​របស់ខ្លួន​ជាប់​ប្រទេស​ចិន​ក៏ដោយ​។ វា​ស្របពេល​ជាមួយនឹង​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​នៅលើ​ឧបទ្វីប​កូរ៉េ​ជុំវិញ​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង​និង​ការព្រមាន​ដោយ​សហរដ្ឋអាមេរិក​ដែលថា ខ្លួន​បាន​បាត់បង់​ភាព​អត់ធ្មត់​ជាមួយ​រដ្ឋ​ឯកោ​មួយ​នេះហើយ​។​
​ជា​ផ្លូវការ ប្រទេស​ថៃ​បានចាត់ទុក​ពលរដ្ឋ​កូរ៉េខាងជើង​ដែល​ចូលក្នុង​ប្រទេស​របស់ខ្លួន​ថា​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាជាង​ជនភៀសខ្លួន​។​
​ប្រទេស​ថៃ​មិនបាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៥១​ស្តីពី​ជនភៀសខ្លួន​ទេ​ហើយក៏​មិនមាន​ច្បាប់​ជាក់លាក់​ណាមួយ​ស្តីពី​ជនភៀសខ្លួន​ផងដែរ​៕

thailand-korea-08052015