ភ្លៀង​ធ្លា​ក់មួយ​មេធំ​លិចលង់​ក្រុុង​ពោធិ៍សាត់​ស្ទើរ​គ្រប់កន្លែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2014 ក+ ក-

ពោធិ៍សាត់​៖ ផ្លូវ​សំខាន់ៗ​មួយចំនួន​នៅក្នុង​ក្រុង​-​ខេត្ដពោធិ៍សាត់​បាន លិចលង់​ស្ទើរ​ទាំងស្រុង​បន្ទាប់ពី​មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​យ៉ាង​ធំ និង​មាន​រយៈ ពេល​ជាង​មួយ​ម៉ោង​កាលពី​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៤​។​

​នៅតាម​ដង​វិថី​ក្នុង​ក្រុង​-​ខេត្ដ​ពោធិ៍សាត់ ពិសេស​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍ ទៅមក​បាន​កកស្ទះ​ជា​អន្លើៗ ខណៈ រថយន្ដ ម៉ូតូ​មួយចំនួន ធំ​បាន​រលត់​ម៉ាស៊ីនពេល​ឆ្លងកាត់​តាមផ្លូវ​ដែល​លិចលង់​នេះ​។​

មិនមែនទើបតែ​ឆ្នាំនេះ​ទេ កន្លងទៅ​​នៅ​ក្រុង​ពោធិ៍សាត់​បាន​លិចលង់ ហើយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរជាខ្លាំង ។ កន្លងទៅ​គេ​បាន​សង្កេតឃើញ មន្ដ្រី​មន្ទីរ​សាធារណការ​ខេត្ដ​ពោធិ៍សាត់ ចុះ​ធ្វើ​ប្រព័ន្ធ​លូ​ជា​ហូរហែ ប៉ុន្ដែ​នៅ​មិន អាច​រំដោះ​ទឹកភ្លៀង​ពី​ក្រុង​ដែលមាន​ផ្ទៃដី តូច​មួយ​នេះ​បានទេ​។​

ពលរដ្ឋ​បានទទូច​និង​សំណូមពរ​ដល់​លោក ម៉ៅ ធនិន អភិបាល ខេត្ដ​ពោធិ៍សាត់​គួរ​មាន​វិធាន ការកោះប្រជុំ​មន្ដ្រី​ពាក់ព័ន្ធ​ដើម្បី​រក​វិធី រំដោះ​ទឹកភ្លៀង​នៅពេលដែល​ភ្លៀង​ធ្លាក់ ខ្លាំង​ម្ដងៗ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​លំបាក​ធ្វើ ដំណើរ​ប្រក​បរបរ​ប្រចាំថ្ងៃ​ដូចនេះ​ទៀត​។​

​​ប្រជាពលរដ្ឋ​បាន​រិះគន់ថា បើ​គិត​ផ្ទៃក្រឡា​នៅក្នុង​ក្រុង​ពោធិ៍សាត់​មាន​ទំហំ​ប៉ុន​បាតដៃ ប៉ុន្ដែ​ភ្លៀង​ធ្លាក់ស្ទើរ​មិន​ដល់​មួយ​ម៉ោង​ផង ប្រជា​ពលរដ្ឋ​ភ្នែក​នៅ​កញ្ចឹងកព្រោះតែ​បារម្ភ​ពី​ផ្ទះសម្បែង​លិចលង់ ពិសេស​កូនចៅ​តូចៗរបស់គាត់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដោយ​លង់ទឹក​ក៏​អាច​ថា​បានដែរ​៕