អាមេរិក ៖ កូរ៉េខាងជើងអាចនឹងមានការធ្វើតេស្តមីស៊ីលថ្មីឆាប់ៗនេះ
វ៉ាស៊ីនតោន ៖ មន្ត្រីរដ្ឋាភិបាលអាមេរិកបានអះអាងថា កូរ៉េខាងជើងបានជញ្ជូនមីស៊ីលប្រដេញប្រឆាំងនាវាចំនួនពីរគ្រាប់ ទៅលើកប៉ាល់ល្បាតមួយគ្រឿងនៅឯតំបន់ Toejo Dong នៃឆ្នេរភាគខាងកើតដែនសមុទ្ររបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មានអាមេរិក Fox News ។
មន្ត្រីដដែលបន្តថា មីស៊ីលប្រភេទ Stormpetel ចំនួនពីរគ្រាប់ ត្រូវបានជញ្ជូនទៅលើនាវាល្បាតមួយគ្រឿង នៅឯតំបន់ Toejo Dong នៃឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង កាលពីប៉ុន្មានថ្ងៃមុន ជាទីដែលទីស្នាក់ការរបស់កងទ័ពជើងទឹកភាគខាងកើតរបស់កូរ៉េខាងជើងតាំងនៅ ហើយប្រការនេះបានឲ្យជាតំរុយថា អាចនឹងមានការធ្វើតេស្តមីស៊ីលនាពេលឆាប់ៗខាងមុខនេះ ដោយសម្អាងថាសកម្មភាពគួរឲ្យសង្ស័យស្រដៀងគ្នានេះ បានកើតឡើងនៅប្រទេសកុម្មុយនិស្តដ៏ឯកោមួយនេះ កាលពីឆ្នាំ២០១៤៕