ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ត្រូវបានក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សអំណាចខ្មែរ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះ។
លោក សួន សេរីរដ្ឋា តំណាងស្ថាបនិកគណបក្សអំណាចខ្មែរ បានប្រាប់ នៅរសៀលថ្ងៃទី៦ ខែមីនានេះថា ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកបង្កើតគណបក្សអំណាចខ្មែរ តាមការស្នើសុំជាផ្លូវការហើយ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥។
លោកនឹងបំពេញបែបបទដាក់ជូនក្រសួងមហាផ្ទៃ ដើម្បីចុះបញ្ជី និងឲ្យក្រសួងទទួលស្គាល់ជាផ្លូវការ និងដើម្បីបើកសមាជផ្លូវការរបស់គណបក្សអំណាចខ្មែរ ក្នុងប្រទេស និងប្រកាសរចនាសម្ព័ន្ធគណបក្សទូទាំងខេត្ត-ក្រុង។
លោក សួន សេរីរដ្ឋា ដែលរស់នៅសហរដ្ឋអាមេរិក និងត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារនោះ បានបញ្ជាក់ថា “ខ្ញុំគិតថា ក្រសួងមហាផ្ទៃ និងរដ្ឋាភិបាល គ្មានលេសអ្វីដែលហាមឃាត់ ឬមិនឲ្យច្បាប់គណបក្សអំណាចខ្មែរនោះទេ។ ពីព្រោះយើងមិនបានប្រឆាំងទៅនឹងអ្វីដែលជាច្បាប់ស្តីពី ការបង្កើត និងគ្រប់គ្រងគណបក្សនយោបាយនោះទេ។ យើងចង់បង្ហាញថា យើងចង់បានការប្រកួតនយោបាយគ្នាដោយស្មើភាព ដោយចំហរ និងដោយសេរី ហើយមិនត្រូវប្រើអំណាចផ្តាច់ការណាមួយមកបំបិទសិទ្ធិនយោបាយនេះ ជាដាច់ខាត។ ដូចខ្ញុំបានជំរាបហើយថា ខ្ញុំមិនរាថយ ចំពោះការទាមទារចុះឈ្មោះសុំបង្កើតគណបក្សនយោបាយនេះទេ។ ពីព្រោះ ខ្ញុំ និងអ្នកគាំទ្រចលនាអំណាចពលរដ្ឋខ្មែរ មិនមែនជាក្រុមភេវរកម្ម ដូចការចោទលាបពណ៌របស់រដ្ឋាភិបាលនោះទេ។ ពេលនេះ សកម្មជន និងអ្នកគាំទ្រចលនាអំណាចពលរដ្ឋខ្មែរ នៅក្នុងប្រទេសក៏រីករាយដែរ ដែលយើងទទួលបានច្បាប់ រួចយើងអាចធ្វើសកម្មភាពបើកមុខជាចំហរបាន និងគេចផុតពីការរើសអើងនយោបាយ ដែលចោទលាបពណ៌ថា ជាក្រុមភេរវកម្ម។ ខ្ញុំនឹងបំពេញបន្ថែមនូវលក្ខខ័ណ្ឌច្បាប់ជំហានទី២ ឲ្យបានឆាប់ៗ ដើម្បីបើកសមាជផ្លូវការរបស់គណបក្សអំណាចខ្មែរក្នុងប្រទេស និងប្រកាសរចនាសម្ព័ន្ធគណបក្សទូទាំងខេត្ត ក្រុង”។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ទៀតថា បន្ទាប់ពីក្រសួងមហាផ្ទៃ បានយល់ព្រមឲ្យបង្កើតគណបក្សអំណាចខ្មែរ គឺលោកនឹងទៅប្រកាសប្រាប់សមាជិកនៅសហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុប ដើម្បីរៀបចំរចនាសម្ព័ន្ធ។ បន្ទាប់ពីនេះ លោកនឹងរៀបចំធ្វើសមាជគណបក្សនៅក្រោយបុណ្យចូលខ្មែររួច៕