ប្រមុខ​ការទូត​កម្ពុជា ធ្វើ​សន្និសីទ​បង្ហាញ​លទ្ធផល​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៥០ នៅ​ទីក្រុង​ម៉ានីល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2017 ក+ ក-

​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​បើក​សន្និសីទ​ព័ត៌មាន​មួយ​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់​ពាក់ព័ន្ធ ដែល​បាន ធ្វើឡើង​នៅ​ទី​ក្រ​ម៉ានីល ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧​។​
​បើតាម​លោក ប្រាក់ សុខុន បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​រយៈពេល​៥​ថ្ងៃ ដែល​ធ្វើឡើង​ចំ​ខួប ៥០​ឆ្នាំ​នៃ​កំណើត​សមាគម​អាស៊ាន ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធានបទ «​រួមគ្នា​ជា​ដៃគូ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​រួមចំណែក​ជាមួយ​ពិភពលោក​» ហើយ កិច្ចប្រជុំ​រដ្ឋមន្ត្រី​មន្ត្រី​ការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​នេះ ទទួលបាន​នូវ​លទ្ធផល​ដ៏​គាប់ប្រសើរ ជាច្រើន​។​
​ប្រមុខ​ការទូត​កម្ពុជា បាន​លើកឡើងថា ក្នុងចំណោម​បញ្ហា​ជាច្រើន​ដែល​បាន​លើកយក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​នេះ បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​ឧបទ្វីប​កូរ៉េ គឺជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ត្រូវបាន​លើកយក​ពិភាក្សា​យ៉ាង​ផុលផុស​។​
​ពាក់ព័ន្ធ​បញ្ហា​ឧបទ្វីប​កូរ៉េ លោក ប្រាក់ សុខុន បាន​បញ្ជាក់ថា ប្រទេស​សមាជិក​អាស៊ាន ក៏ដូចជា​កម្ពុជា បានស្នើ​ដល់​កូរ៉េខាងជើង​ឲ្យ​ឈប់​បាញ់​អាវុធ​នុយក្លេអ៊ែ​របស់ខ្លួន​។ បើតាម​លោក ប្រាក់ សុខុន ប្រទេស​កម្ពុជា​និង​អាស៊ាន​បានចេញ​លិខិត​ដោយឡែក​មួយ​ទៅ​កូរ៉េខាងជើង ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ហើយក៏​បានស្នើ​គ្រប់ភាគី​អត់ធ្មត់​ជៀសវាង​ការកើតមាន​សង្គ្រាម​ក្នុង​តំបន់​ធ្ងន់ធ្ងរ​។​
​នៅក្នុង​សន្និសីទ​ព័ត៌មាន​នា​ព្រឹក​មិញ​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា ក្នុងនាម​ប្រទេស​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ច្រើន​ឆ្នាំ​គឺមាន​តែ​កា​ចរចា​ទើប​អាច​ដោះស្រាយបាន​។ ឯកឧត្តម​ប្រមុខ​ការទូត​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​គ្រប់ភាគី​ទាំងអស់​ត្រូវ​អត់ធ្មត់​ចំពោះ​បញ្ហា​កូរ៉េខាងជើង​។​
​បើតាម​ឯកឧត្តម ប្រាក់ សុខុន បញ្ហា​ជម្លោះ​ឧបទ្វីប​កូរ៉េ​នេះ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​បានលើកឡើង​ថា វា​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​ប្រទេស​គាត់ ហើយ​ការខិតខំ​របស់​កូរ៉េ​ជើង គឺ​ដើម្បី​ប្រឆាំង​អាមេរិក​។ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ថែមទាំង​បញ្ជាក់ទៀតថា ពេលនេះ​កូរ៉េ​ខាង​ជ​ងើ​មាន​អាវុធ​អាច​បាញ់​ដល់​អាមេរិក​។​
​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​បានលើកឡើង​ថា កូរ៉េខាងជើង​ខំ​បំពាក់អាវុធ​នុយក្លេអ៊ែ​នេះ ដើម្បី​ប្រឆាំង​អាមេរិក​និង​ប្រទេស​ដែល​ចូល​ដៃ​ជាមួយ​អាមេរិក​កូរ៉េខាងជើង​និង​រាប់​ប្រទេស​នោះ​ចូល​ដែរ​។​
​ក្រៅពី​បញ្ហា​នៅ​ឧ​ប​ទ្វី​កូរ៉េ បញ្ហា​សមុទ្រ​ខាងត្បូង ក៏​ជា​បញ្ហាសំខាន់​មួយ​ផងដែរ ត្រូវបាន​លើក​យកមក​ជជែក​។ តែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហាក់​មិនមែនជា​ប្រធានបទ​ក្តៅ​សម្រាប់​អាស៊ាន​ទៀត​នោះឡើយ​។​
​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន សុទ្ធតែ​បាន​ទទួលស្គាល់ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឆ្នាំនេះ​មានការ​វិវឌ្ឍន៍​ល្អ​ទៅមុខ បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​។
​សូមបញ្ជាក់ថា ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥០ លោក ប្រាក់ សុខុន ក៏មាន​ជំនួប​ទ្វេភាគី​ដោយឡែក​ពីគ្នា ជាមួយ​ឯកឧត្តម MevlutCavusoglu​រដ្ឋមន្ត្រីការបរទេស​ទួរគី ឯកឧត្តម VasanthaSenanayake​អនុរដ្ឋមន្ត្រី​ការបរទេស​ស្រីលង្កា លោក Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន និង​លោកជំទាវ Kang Kyung-wha រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​កូរ៉េ​។ នៅក្នុង​ជំនួប​ទេ្វ​ភាគី​នេះ ការពិភាក្សា និង​ការផ្លាស់ប្តូរ​ទស្សនៈ ផ្តោតទៅលើ​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​តំបន់ និង​អន្តរជាតិ​ផ្សេងទៀត​៕

12Untitled