សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​បណ្តេញ​កងទ័ព​ឡាវ​ចេញពី​ទឹកដី​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​នេះ បានចេញ​បញ្ជា​ឲ្យ កងទ័ព​កម្ពុជា​ត្រៀមលក្ខណៈ ដើម្បី​បណ្តេញ​កងទ័ព​ឡាវ ដែល​កំពុង​ឈរជើង​នៅក្នុង​ទឹកដី​កម្ពុជា ឲ្យ​ចេញ​ជាបន្ទាន់ ។ ប៉ុន្តែ​សម្តេច​បានប្រកាស​ទុក​រយះ ៦​ថ្ងៃ ដើម្បី​ឲ្យ​ភាគី​ឡាវ​ដក​កងទ័ព ឲ្យ​អស់ពី​ដែនដី​កម្ពុជា នៅក្នុង​ខេត្តស្ទឹងត្រែង ។​
​សូមជម្រាបថា ការកំណត់​ឱសានវាទ​ឲ្យ​ឡាវ​ដកទ័ព​ត្រឹម​ថ្ងៃទី​១៧ ខែសីហា​នេះ បន្ទាប់ពី​លិខិតផ្លូវការ​របស់​សម្តេច​ដែល​បានដាក់​ទៅ នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត រឿង​ដកទ័ព​នេះ​មិនមាន​ការឆ្លើយតប​ពី​ភាគី​ឡាវ​វិញ​នោះឡើយ​។​
​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេច​គ្រោង​នឹង​ជិះ​យន្តហោះ​ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​រឿង​ដកទ័ព​នេះ ផងដែរ ។ ប៉ុន្តែ​សម្តេច ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ប្រសិនបើ​ឃើញ មានការ​ចល័ត​ទ័ព​ព្រោះ​ទ័ព​ទាំងនោះ ត្រូវ​ចល័ត​ទៅកាន់​ខេត្តស្ទឹងត្រែង ដើម្បី​បណ្តេញ​ទ័ព​ឈ្លានពាន​ឡាវ​ចេញពី​ដី​កម្ពុជា​។​
​សម្តេច ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ភាគី​ឡាវ​ថា មិត្តភក្តិ​ជា​រឿង​មិត្តភក្តិ តែ​មិនអាច​ឲ្យ​មិត្តភក្តិ មក​ជាន់​ក្បាល ខ្មែរ​នោះទេ​។ សម្តេច​បាន​បញ្ជាក់ថា សម្តេច​បាន​ចាត់ចែង​មេទ័ព​ខ្មែរ​រួច​អស់ហើយ ឲ្យ​ត្រៀមលក្ខណៈ​សម្បត្តិ​បណ្តេញ​ទ័ព​ឡាវ​ចេញពី​ដី​ខ្មែរ​។​
​យ៉ាងណាក៏ដោយ សម្តេច​អះអាងថា យើង​មិន​ចង់​ប្រកាសសង្គ្រាម​ជាមួយ​ប្រទេសជិតខាង​នោះ ទេ តែ​ក៏​មិន​អនុញ្ញាត​ឲ្យ​ប្រទេសជិតខាង​រំលោភ ដែន​អធិបតេយ្យ​របស់​កម្ពុជា​នោះឡើយ សូម្បី​ដី​មួយ​ចំអាម​នោះឡើយ ៕

fn-2017-08-11-11-30-15-1