ភ្នំពេញ៖ ជនដៃដល់ដែលវាយប្រហារទឹកអាស៊ីតលើនារីជាកម្មការិនីរោងចក្រម្នាក់ កាលពីវេលាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥នោះ ត្រូវឃាត់ខ្លួនបានហើយនារសៀលថ្ងៃដដែល ដោយបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ ស្រឿន នាក់ ភេទស្រី អាយុ៣៨ឆ្នាំ ជា កម្មការិនីរោងចក្រមានស្រុកកំណើត ភូមិទទារ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានប្តីឈ្មោះ ជុន ខឿន មានស្រុកកំណើតនៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ចំពោះមូលហេតុ បណ្តាលឲ្យមានការវាយប្រហារដោយទឹកអាស៊ីតលើនារីឈ្មោះ សុវណ្ណនី អាយុ២០ឆ្នាំ ជាសន្តិសុខរោងចក្រស៊ិនតាយនោះ សមត្ថកិច្ចនៅមិនទាន់បង្ដើបឲ្យដឹងឡើយ។
គួររំលឹកថាមានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង ខណៈនារីជាកម្មការិនីរោងចក្រម្នាក់ ត្រូវស្ត្រីមិនស្គាល់អត្តសញ្ញាណជះទឹកអាស៊ីតស្រោចលើខ្លួនបណ្តាល រលួយ កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមីនា នេះ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែងក្នុងសង្កាត់ចោមចៅ។
ជំហានដំបូងយើងនៅពុំទាន់ស្គាល់អត្តសញ្ញាណនារីរងគ្រោះនៅឡើយទេ ព្រោះត្រូវគេបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯស្ត្រីដៃដល់វិញ បានរត់គេចខ្លួនបាត់ដែរ បន្ទាប់ពីធ្វើសកម្មភាពរួច ។ប្រភពបន្តថា ករណីនេះត្រូវបានមជ្ឈដ្ឋានជុំវិញសង្ស័យថា អាចបណ្តាលមកពីស្នេហាត្រីកោណ៕