រាជធានីភ្នំពេញ ៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន និងបន្តបើកសវនាការនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។ ការចេញដីកាឃុំខ្លួនលោក សួន សេរីរដ្ឋា ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារង លោក សៀង សុខ បានសម្រេចចោទប្រកាន់ជាផ្លូវការ និងបញ្ជូនទៅចៅក្រម រស់ ពិសិដ្ឋ បើកសវនាការកាត់ក្តីភ្លាមៗតែម្តង ដោយសារតែករណីនេះជាបទល្មើសជាក់ស្តែង។
លោក សួន សេរីរដ្ឋា ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើសរួមមាន ៖ ១ ៖ បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១នៃក្រមព្រហ្មទណ្ឌ។ ២ ៖ បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ។ ៣ ៖ បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា។
គួរបញ្ជាក់ថា ការចាប់ខ្លួនលោក សួន សេរីរដ្ឋា បានធ្វើឡើងខណៈដែលលោកកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនវ៉ៃខ្នោះហើយ លោក សួន សេរីរដ្ឋា ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជូនបន្តទៅកាន់តុលាការ ដើម្បីកាត់ទោសភ្លាមៗតែម្តង៕