ខេត្តមណ្ឌលគិរី ៖ ដើម្បីជាការផ្តល់កំលាំងចិត្ត និងលើកទឹកចិត្តដល់សិស្សទាំងអស់ ដែលជាប់និទ្ទេស A ក្នុងការប្រលង បាក់ឌុប អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង នឹងផ្តល់ម៉ូតូ០១គ្រឿងជូន ថ្លែងក្នុងពិធីជួបសំ ណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្សរៀនបំប៉ន់ ដើម្បីត្រៀមប្រលងសញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧។
ក្នុងពិធីសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត
បានផ្តល់នូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួនដល់សិស្សានុសិស្សទាំងអស់ ដើម្បីយកទៅអនុវត្តក្នុងថ្ងៃប្រលងអោយទទួលបានជោគជ័យ។ ឯកឧត្តម បានបញ្ជាក់ថា នេះគឺជាឆ្នាំទី៤ហើយ ក្នុង ការកែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជននិងកីឡា ក្នុងការរឹតបន្តឹងលើវិស័យអប់រំ ដើម្បីធ្វើយ៉ាងណាឲ្យសិស្សា នុសិស្សមានចំណេះដឹង និងបញ្ចេញនូវសមត្ថភាពពិតប្រាកដ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវរកឯកសារផ្សេងៗ និងត្រូវរំលឹកមើលមេរៀនឡើងវិញ ដើម្បីជាមូលដ្ឋានក្នុងការប្រលង ជាពិសេស ត្រូវប្រឹងប្រែងបញ្ចេញឲ្យ អស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីទទួលបានជោគជ័យ។ ដូច្នេះ ដើម្បីជាការផ្តល់កំលាំងចិត្ត និងលើកទឹកចិត្តដល់សិស្សទាំងអស់ ដែលជាប់និទ្ទេស A ក្នុងការប្រលងបាក់ឌុប ក្នុងនាមឯកឧត្តម អភិបាលខេត្ត មណ្ឌលគិរី នឹងផ្តល់ម៉ូតូ០១គ្រឿងជូន ហើយសង្ឃឹមថា នៅឆ្នាំនេះប្អូនៗនឹងបន្តយកជ័យលាភីបន្ថែមទៀត ដើម្បីលើកស្ទួយកិត្តិយសរបស់ខេត្ត សាលារៀន គ្រួសារ និងខ្លួនឯងផ្ទាល់តែម្តង។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចំណាយពេលវេលា ទាំងកំលាំងកាយចិត្តខិតខំបង្ហាត់បង្រៀនបំប៉នដល់សិស្សបន្ថែមសម្រាប់ត្រៀមប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ អោយទទួលបានជោគជ័យ ។
`តាមការបញ្ជាក់របស់ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក ទឹម សង្វាត បានឲ្យដឹងថាការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ខែសីហា មានរយៈពេល២ថ្ងៃ បែកចែកជាពីរមណ្ឌលប្រលង មានថ្នាក់វិទ្យសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ហើយបេក្ខជនទាំងអស់មកពីវិទ្យាល័យក្រុង/ស្រុក ទាំង៥ទូទាំងខេត្ត ចំនួន៣២០នាក់ ស្រី១៦៨នាក់ ត្រូវមកប្រលងនៅវិទ្យាល័យ ហ៊ុនសែនមណ្ឌលគិរី។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បាននាំយកថវិកា និងសម្ភារៈសិក្សាមួយចំនួនផ្តល់ជូនដល់ លោកគ្រួ អ្នកគ្រូ ដែលបានបង្រៀនបំប៉នសិស្ស ថែមទាំងផ្តល់ជូនដល់សិក្សានុសិស្សទាំងអស់ផងដែរ៕