ហ្សាការតា ៖ ប៉ូលិសឥណ្ឌូនេស៊ីកាលពីម្សិលមិញបានឃាត់ខ្លួនមនុស្ស០៥នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងពួក ISIS និងរឹបអូសសារធាតុគីមីមួយចំនួននៅក្បែររដ្ឋធានីហ្សាការតា ដែលគ្រោងយកទៅប្រើប្រាស់ដើម្បីផលិតជាគ្រាប់បែកវាយប្រហារលើ វិមានប្រធានាធិបតីនៅចុងខែសីហានេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ប៉ូលិសបាននិយាយថា ក្នុងចំណោមមនុស្សទាំង០៥នាក់ខាងលើ មានពីរនាក់ជាប្ដីប្រពន្ធនឹងគ្នាត្រូវបានគេនិទេសពីទីក្រុងហុងកុង សម្រាប់ការចោទប្រកាន់ថា បានផ្សព្វផ្សាយ មនោគមវិជ្ជាជ្រុលនិយម ហើយក្រុមមនុស្សទាំងនេះទៀតសោតបានសិក្សារៀនសូត្រពីបច្ចេកទេស ផលិតគ្រាប់បែកតាមរយៈគេហទំព័រមួយគ្រប់គ្រងដោយជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលគេសង្ស័យថា មានទំនាក់ទំនងជាមួយពួក ISIS នៅក្នុងប្រទេសស៊ីរី។
តែយ៉ាងណាក៏ដោយ អត្តសញ្ញាជនសង្ស័យ មិនទាន់ត្រូវបានបញ្ជាក់លម្អិតនៅឡើយទេ ខណៈអាជ្ញាធរឥណ្ឌូនេស៊ី កំពុងព្រួយបារម្ភលើការកើនឡើង នៃសកម្មភាពជ្រុលនិយមនៅក្នុងប្រទេស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕