ភរិយា​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ចូល​តុលាការ​ឆ្លើយបំភ្លឺ​ជាមួយ​ឪពុកម្តាយ ថោង សារ៉ាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2015 ក+ ក-

​ភ្នំពេញ​៖ លោកស្រី​តាំង គឹម​ឆេង ភរិយា សព​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវបាន​ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី ភ្នំពេញ​បាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​កាលពី​ថ្ងៃទី​៦​ខែ មីនា កន្លងមកនេះ ក្នុង​ឋា​នះ​ជាដើម​បណ្តឹង​នៃ​សំណុំរឿង​ឃាតកម្ម​លើ​ប្តី​របស់ខ្លួន​គឺ​លោក​អ៊ឹង ម៉េង​ជឺ ។​

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី ភ្នំពេញ​បាន​កោះហៅ​ឲ្យ​លោកស្រី​តាំង គឹម​ឆេង ភរិយា សព​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ឲ្យ​ចូលមក​ឆ្លើយបំភ្លឺ​ក្នុងនាម​ជាដើម​បណ្តឹងរដ្ឋប្បវេណី ក្នុង​រឿង​ឃាតកម្ម​បាញ់សម្លាប់​លោក​ឧក​ញ៉ា​អ៊ឹង ម៉េង​ជឺ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ​។​

​ការកោះហៅ​ឲ្យ​លោកស្រី​តាំង គឹម​ឆេង ភរិយា សព​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ហាង​ត្បូង​ពេជ្រ​នៅ​ផ្សារ​ថ្មី ឲ្យ​ចូលមក​ឆ្លើយបំភ្លឺ តាម​ការបង្គាប់​របស់​អគា​ធិ​ការ​កិច្ច ក្រសួង​យុ​ត្តិ​ធ៌​ម កាលពី​រសៀល​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៥ ។​

​ជាមួយនឹង​ការបង្ហាញ​មុខ​លើកដំបូង​នៅ​តុលាការ​ពី​សំណាក់​ភរិយា​សព​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​នាពេលនេះ គេ​ឃើញ​លោកស្រី តាំង គឹម​ឆេង អាយុ​៤៨​ឆ្នាំ ជិះ​រថយន្ត​Mercedes ពណ៌​ខ្មៅ អមដោយ​លោក​មេធាវី ឡា​ច សំរោង និង​អង្គរក្ស​៣​ទៅ​៤​នាក់​ផងដែរ ដោយ​រថយន្ត​ជិះ​ចូលដល់​ក្នុង​តុលាការ​តែម្តង​។​

​ដំណើរការ​សួរ​យក​ចម្លើយ​លោកស្រី​តាំង គឹម​ឆេង បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាង​១​ម៉ោង​នៅក្នុង​បន្ទប់​ចៅក្រម​ស៊ើប សួរ ហើយ​បានបញ្ចប់​ទៅវិញ​នៅវេលា​ម៉ោង​១៥​និង​៤០​នាទី​រសៀល​ថ្ងៃ​ដ​ដែរ​។ បន្ទាប់មក​មេធាវី​រួមទាំង​អង្គរក្ស​បាន​ជូន​ដំណើរ​លោកស្រី​តាំង គឹម​ឆេង ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

​ជាមួយគ្នានេះ នៅ​រសៀល​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៥​នោះ​ផងដែរ ចៅក្រម​ស៊ើបអង្កេត​តុលាការ​រាជធានី​ភ្នំពេញ​ក៏បាន​បង្គាប់​ឲ្យ​នាំ ខ្លួន​លោក ថោង ចំរើន និង លោកស្រី កែវ សារី ឪពុក​លោក​ថោង សារ៉ាត់ មកកាន់​តុលាការ​ដើម្បី​ធ្វើការ​សាកសួរ​ផងដែរ​។​

​ដំណើរការ​សួរចម្លើយ​ជនជាប់ចោទ​ឈ្មោះ​ថោង ចំរើន និង លោកស្រី កែវ សារី បានអូសបន្លាយ​ពេលវេលា​យ​តាំងពី​ម៉ោង​១៤​រសៀល​រហូតដល់​ម៉ោង​១៧​ទើប​បញ្ចប់ ហើយ​អនុរក្ស​ពន្ធនាគារ​បាន​បញ្ជូន ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​វិញ​។​

​គួររំលឹកថា កាលពីពេល​ថ្មី​នេះ​អង្គភាព​ប្រឆាំង​អំពុក​រលួយ ក៏បាន​ទៅ​សួរ​យក​ចម្លើយ​លោក​ថោង ចំរើន និង​អ្នកស្រី​កែវ សារី ដល់​ពន្ធនាគារ​ផងដែរ ពាក់ព័ន្ធ​នឹង​ការសង្ស័យថា​មាន​អំពើពុករលួយ​យ៉ាង​ធំ​នៅក្នុង​ចំណាត់ ការ​នីតិវិធី​ដែល​ដោះលែង​ជនជាប់ចោទ​ឲ្យ​នៅក្រៅ​ឃុំ ប៉ុន្តែ​ជាធម្មតា​លទ្ធផល​នៃ​ដំណើរការ​ស៊ើបអង្កេត​សាមី​អង្គភាព​មិនអាច បង្ហាញ​ឲ្យ​សាធារណជន​បានដឹង​ទេ​។​

សូម​រំលឹកថា កាលពី​ព្រលប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​ឃាតករ​បាន​ចូលទៅ បាញ់សម្លាប់​លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ នៅក្នុង​ហាង​លក់​ផ្លែ​ស្រស់​យីហោ “​ឡោ តិច​ស្រេង​” ស្ថិតនៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។ ជនដៃដល់​បាន​បាញ់​៦​គ្រាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង កន្លែង​។​

​ក្រោយ​ព្រឹត្តិការណ៍​ឃាតកម្ម នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៤ សមត្ថកិច្ច​នគរបាល​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​ឧកញ៉ា​ថោង សារ៉ាត់ ជាមួយនឹង​អង្គរក្ស​៣​នាក់ ដោយ​សង្ស័យថា ក្រុម​ថោង សារ៉ាត់ មាន​ការជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​នេះ​។​

​នៅ​ល្ងាច​ថ្ងៃទី​០១ ខែធ្នូ​ដដែល​នោះ ស្រាប់តែ​សមត្ថកិច្ច​បាន​ដោះលែង​ឧកញ៉ា​ថោង សារ៉ាត់ ត្រឡប់មកវិញ ហើយ​ចាប់ពីពេលនោះ​មក​គេ​មិនឃើញ​មាន​វត្តមាន​ថោង សារ៉ាត់​ទៀត​ទេ​។​
​ជាមួយគ្នានេះ​អង្គរក្ស​ថោង សារ៉ាត់ ចំនួន​៤​នាក់​ត្រូវ​ចាប់ឃុំខ្លួន​ក្រោម​បទចោទប្រកាន់​ឃាតកម្ម​គិតទុក ជាមុន​នៅក្នុង​សំណុំរឿង​ធ្វើឃាត​លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ​។​

​នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៤ លោក​ថោង​ចំរើន និង​អ្នកស្រី​កែវ សារី ត្រូវបាន​ចាប់ខ្លួន​នៅ​ខណៈពេល​ដែលមាន​ការឆែកឆេ​រ​លំនៅដ្ឋាន​របស់គាត់ រកឃើញ​កាំភ្លើង​វែង​ខ្លី​ជាច្រើន​ដើម​។​
​តុលាការ​បាន​ចោទប្រកាន់​លោក ថោង ចំរើន និង​អ្នកស្រី​កែវ សារី ពីបទ​រក្សាទុក​អាវុធ​ខុសច្បាប់ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ ហើយ​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​។​

​នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៥ លោក​ចៅក្រម​លី សុខ​ឡេង បានចេញ​ដីកា​សំរេច​ដោះលែង​លោក​ថោង ចំរើន និង​អ្នកស្រី​កែវ សារី ឲ្យ​នៅក្រៅ​ឃុំ​វិញ បណ្តាល​ឲ្យ​កើតមាន​ប្រតិកម្ម​ពី​ថ្នាក់​រាជរដ្ឋាភិបាល ហើយ​បន្ទាប់មក​សមត្ថកិច្ច​បា​ន​ចាប់ខ្លួន​លោក​ថោង ចំរើន និង​អ្នកស្រី​កែវ សារី នៅពេលដែល​គាត់​បាន​ប៉ុនប៉ង​រត់​ទៅកាន់​ប្រទេស​វៀតណាម​។​

​ក្រោយ​កើតមាន​ព្រឹ​តិ្ត​ការណ៍​បន្តបន្ទាប់​នេះ លោក អាំង មាលតី អតីត​ប្រធាន​តុលាការក្រុង​ភ្នំពេញ​ត្រូវបាន​ដកតំណែង ដោយ​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​យ៉ាង​ធំ​សម្បើម​នៅក្នុង​ព្រឹ​តិ្ត ការណ៍​ដោះលែង​ជនជាប់ចោទ​ក្នុង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា ពួកឧក្រិដ្ឋជន​គ្រឿងញៀន​ឈ្មោះ​ថាវ ថា​វី ការដោះលែង​ជនជាប់ចោទ​នៅ​ក្នុងការ​លាក់ទុក​អាវុធ​ដែល​ពាក់ព័ន្ធ​នឹង អំពើ​ឃាតកម្ម​ជាដើម​៕
M06-03-15

M06-03-15-3