ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់នៅក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងសមត្ថកិច្ចរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថានបានផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមន្ទីរបរិស្ថានជាសេនាធិការ។
លោក រដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា តាមរយៈយុទ្ធនាការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅទូទាំងប្រទេសត្រូវបានលុបបំបាត់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចមួយចំនួន ដូចជា ការលួចកាប់ឈើ និងការកាប់រុករានទន្ទ្រានយកដីរដ្ឋនៅបន្តកើតមាន ហើយការរុករក និងធ្វើអាជីវកម្មរ៉ែ ក៏ដូចជា ការប្រើប្រាស់ដីនៅក្នុងតំបន់ការពារធម្មជាតិសម្រាប់ជា មូល ដ្ឋានកងទ័ព នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តរួមគ្នាចាត់វិធានការគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕