ភ្នំពេញ ៖ លោក ព្រុំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ដោយធ្វើការដកហូតទូរហ្គមបាញ់ត្រីចំនួន ២ទូរ នៅក្នុងសង្កាត់ផ្សារដើមថ្កូវ។ ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៣និង ៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ៤២BE0 ផ្លូវលេខ ២៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ក្រោយពីមានការសហការអំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកថា កំពុងតែមានទីតាំងហ្គេមបាញ់ត្រីមួយកន្លែងលួចបើកលេងយ៉ាងរលូននៅក្នុងភូមិសាស្ត្ររបស់លោកនោះ ជាយូរណាស់មកហើយ។ក្នុងពេលនេះដែរ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយរូបលោកផ្ទាល់ បានឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែងខាងលើនេះ ដោយបានធ្វើការដកហូតទូរហ្កេមបាញ់ត្រីចំនួន ២ទូរផងដែរ។
ក្រោយពីការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលជាប្រភេទហ្គេមបាញ់ត្រីមួយកន្លែងខាងលើនេះដែរ កម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌចំមការមន ក៏បានធ្វើការដកហូតទូរហ្គេមបាញ់ត្រីទាំង ២ទូរនោះយកទៅរក្សាទុកនៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីរង់ចាំធ្វើការកំទេចចោលផងដែរ៕