រាជធានីភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ពុំបានបិទវិទ្យុអាស៊ីសេរី (RFA) និង វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នោះទេ គឺក្រសួងព័ត៌មានបិទតែស្ថាប័នវិទ្យុណាដែលរំលោភច្បាប់ប៉ុណ្ណោះ ហើយថ្លែងថា RFA និង VOA នៅតែអាចផ្សាយបន្តបាននៅកម្ពុជា តាមស្ថាប័នវិទ្យុដែលមានច្បាប់អនុញ្ញាត។
ការប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងសន្និសីទកាសែតមួយនៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា រាជរដ្ឋាភិបាល គ្រោងបិទមិនឱ្យមានការផ្សាយរបស់វិទ្យុអាស៊ីសេរីនិងវិទ្យុសំឡេងសហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជាតទៅទៀត។
នៅចំពោះមុខអ្នកសារព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា “…វិទ្យុអាស៊ីសេរី (RFA) យើងអត់បានបិទទេ វិទ្យុ VOA (សំឡេងសហរដ្ឋអាមេរិក) ក៏យើងអត់បិទដែរ… វិទ្យុមួយចំនួននៅតែបន្តផ្សាយទេ ពីព្រោះតែគេសុំច្បាប់ ម្តេចក៏ចេះតែនិយាយថា បិទៗ…គឺយើងបិទស្ថានីយ៍ណា ដែលរំលោភដែលបំពាន…”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានស្នើឱ្យក្រសួងព័ត៌មានចាត់វិធានការចំពោះ ការិយាល័យវិទ្យុអាស៊ីសេរី និងវិទ្យុ VOA ដែលបានធ្វើសកម្មភាពយកព័ត៌មាននៅកម្ពុជា ដោយគ្មានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន និងមិនបានមកចុះបញ្ជីពន្ធដារ តាមច្បាប់ស្តីពីសារពើពន្ធដែលបានកំណត់ផងដែរ៕