ឃាត់ខ្លួនមន្ត្រី ទ​ទក ករណី​ប្រើ​រថយន្ត​ស្លាក​លេខ​នគរបាល និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 March, 2015 ក+ ក-

​កណ្តាល​៖ បុរស​ម្នាក់ដែលមាន​មុខរបរ​ជា​មន្ត្រី​អង្គភាព​អគ្គនាយកដ្ឋាន ទូរ​ទស្ស​ន៏​ជាតិ​កម្ពុជា (​ទ​ទក​) នៃ​ក្រសួង​ព័ត៌មាន ត្រូវបាន​សមត្ថកិច្ច​នគ​របាល ស្រុក​លើកដែក ខេត្តកណ្តាល បាន​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​នគរបាល​ក្លែងក្លាយ ឯកសណ្ឋាន​នគរបាល និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​

​ករណី​ខាងលើនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៥ វេលា ម៉ោង​១​និង​៣០​នាទី​រសៀល នៅ​ចំណុច​កំពង់ចម្លង​សាឡាង​អ្នក​លឿង​ត្រើយ​ខាងលិច ស្ថិតនៅ​ក្នុងភូមិ​កំពង់ចំលង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល​។​

​នគរ​បាន​ស្រុក​លើកដែក បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ អូន ភាព អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ជា​មន្ត្រី​អង្គភាព​អគ្គនាយកដ្ឋាន ទូរ​ទស្ស​ន៏​ជាតិ កម្ពុជា (​ទ​ទក​) នៃ​ក្រសួង​ព័ត៌មាន​។​

​ក្នុងករណីនេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង រួមមាន​៖ រថយន្ត​ម៉ាក កា​ម៉ា​រី (​បា​ឡែ​ន​) ពណ៌​ខ្មៅ ផ្លាកលេខ នគរបាល 2.7272 ជា​រថយន្ត​គេចពន្ធ​មួយគ្រឿង​។ អាវុធខ្លី ប៉េអា​ម៉ាប់ ចំនួន ០១​ដើម គ្រាប់​ចំនួន​០ ៥​គ្រាប់​និង​បង់​០១​។ លុយ​ដុល្លារ​អាមេរិក​ចំនួន ៩០០​ដុល្លារ លុយ​រៀល ៦.៨០០​រៀល​។ មួក​នគរបាល​ចំនួន ០២​។ មួក​យោធា​ចំនួន ០១​។ អាវ​នគរបាល​ពណ៌​ស​ដៃ​វែង ចំនួន ០១ មាន​ពាក់​ស័ក្តិ​៣​។ កា​តាប​ពណ៌​ខ្មៅ​ចំនួន ០១​។ កាបូបដៃ​ចំនួន ០១​។ ប័ណ្ណ​មន្ត្រី​ព័ត៌មាន​ចំនួន ០២​។ ប័ណ្ណ​ចេញចូល​ចំនួន ០៣​។ វិទ្យុ ID ចំនួន ០១ និង​ទូរស័ព្ទ​ចំនួន ០២ គ្រឿង​។​

បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​ជំនាញ កំពុង​សាកសួរ កសាង​សំណុំរឿង នឹង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

aa1

aa2

aa3