កំពង់ចាម៖ ក្រោយពីទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន០៨នាក់ ដែលចាញ់បោកអស់
ថវិកាក្នុងម្នាក់ពី៣០០០ដុល្លារទៅ៥០០០ដុល្លារ រួមនឹងពលរដ្ឋនៅកន្លែងផ្សេងទៀតសរុបចំនួន៣១នាក់គិតជាទឹកប្រាក់ចំនួនជាង១៤ម៉ឺនដុល្លារ ដោយព្រះសង្ឃ១អង្គគង់នៅវត្តនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ដែលបានសន្យាថានឹងឲ្យកូនចៅរបស់ពួកគាត់ បានជាប់ជាក្របខណ្ឌមន្ត្រីនគរបាលជាតិតែទីបំផុតមិនបានលទ្ធផលនោះទេ ទើបនៅរសៀលថ្ងៃទី២៥សីហា ២០១៧ កម្លាំងសមត្ថកិច្ចរួមនឹងមន្ទីរធម្មការនិងសាសនាខេត្ត បានចុះទៅសួរនាំព្រះសង្ឃអង្គនោះផងដែរ ។
លោកឧត្តមសេនីយ៏ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងថាៈ ប្រជាពលរដ្ឋចំនួន៨នាក់ក្នុងនោះមានៈ ១-ឈ្មោះ ស្រេង ចាន់រី ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិទួលបី ឃុំរាយប៉ាយ ស្រុកកងមាស ២-ឈ្មោះ ស្រ៊ាង គង់ ភេទប្រុស អាយុ៥៧ឆ្នាំនៅភូមិឃុំជាមួយនឹងអ្នកទី១ ៣-ឈ្មោះ ហាវ យ៉ា ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិឃុំជាមួយនឹងអ្នកទី១ ៤-ឈ្មោះនី មុន្នីរាជ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៥-ឈ្មោះសុំ សារុំ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ៦-ឈ្មោះ គុយ ខេង ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ៧-ម៉ាន់ សារ៉េត ភេទស្រី អាយុ៤៧ឆ្នាំនៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ៨-ឈ្មោះ សូត្រ មូយនី ភេទស្រី អាយុ៤៤ឆ្នាំ ភូមិគោកគ្រៀមស្រុកជាមួយនឹងអ្នកទី៧ បានរងគ្រោះដោយចាញ់បោកព្រះសង្ឃឈ្មោះ សេង សារី អាយុ៣៦ឆ្នាំ ។
លោកឧត្តមសេនីយ៏ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត បានបន្តថា បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់វត្តបានជួបជាមួយនឹងព្រះសង្ឃផ្ទាល់ ព្រមទាំងមានការអនុញ្ញាតពីលោកហួត វុទ្ធី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត ហើយក៏បានឆ្លើយសារភាពថាពិតជាបានទទួលលុយ ពីពលរដ្ឋទាំងនោះមែនហើយពាក់ព័ន្ធនឹងករណីនេះមន្ទីរធម្មការខេត្តបានផ្សឹក និងប្រគល់មកឲ្យសមត្ថកិច្ចចាត់ការបន្ត ។
អតីតសង្ឃឈ្មោះ សេង សារី បានឆ្លើយថា ខ្លួនពិតជាបានទទួលប្រាក់ពីប្រជាពលរដ្ឋទាំង០៨នាក់ខាងលើដោយ ពិតប្រាកដមែន មិនតែប៉ុណ្ណោះក៏បានទទួលពីប្រជាពលរដ្ឋផ្សេងទៀតរហូតដល់ទៅ៣១នាក់ដែលមានទឹកប្រាក់ចំនួន១២៩.៥០០ដុល្លារ ហើយលុយទាំងនេះបានយកទៅប្រគល់ឲ្យលោកវរសេនីយ៏ឯកម្នាក់នៅនាយកដ្ឋាននៃអគ្គនាយករដ្ឋានអន្តោរប្រវេសន៏ រាជធានីភ្នំពេញ ដើម្បីរត់ការចូលក្របខណ្ឌជានគរបាលជាតិឆ្នាំ២០១៧ ក្រោយមកក៏បានវេរប្រាក់បន្ថែមទៀតឲ្យទៅលោកវរសេនីយ៏ឯករូបនោះមានទឹកប្រាក់ចំនួន១៤០.២៦៧ដុល្លារ ។
មកដល់រសៀលថ្ងៃទី២៦ សីហា ២០១៧ អតីតសង្ឃអង្គនេះ ត្រូវបានសមត្ថកិច្ចកំពុងបំពេញបែបបទបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយដែរ ៕