ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើត APP នៅក្នុងទូរស័ព្ទដៃ ដើម្បីបង្កើនភាពងាយស្រួលឱ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់រថយន្តក្រុងសាធារណៈ ងាយស្រួលនិងដឹងពីពេលវេលា ទីតាំងចំណត តម្រាយផ្លូវធ្វើដំណើរ ជាមួយនោះ គ្រោងនឹងបង្កើតប្រព័ន្ធទូទាត់បែប អេឡិកត្រូនិក ពីសាច់ប្រាក់មកជាការឆូតកាតផងដែរ។
លោក មាស ម៉េតភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងក្រោយកិច្ចប្រជុំ ស្តីពី ស្ថានភា ពនៃការគ្រប់គ្រងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) កាលព្រឹកថ្ងៃ២៨សីហានេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក មាស ម៉េតភក្តី បានបន្តឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំដែលមានអាជ្ញាធរពាក់ព័ន្ធចូលរួមគ្រប់ភាគី ឯកឧត្តម ឃួង ស្រេង បានរំលឹកឡើងវិញ ពីប្រសាសន៍សម្តេចតេជោ ដែលបានលើកឡើងកាលពីពេលពេលកន្លងទៅថ្មីនេះ ដែលបានអនុញ្ញាតិអោយកម្មករ-កម្មការិនី បានជិះរថយន្តក្រុងដោយឥតគិតប្រាក់រយៈពេលពីរឆ្នាំ់ ក្នុងនោះក៏បានណែនាំអោយភាគីពាក់ព័ន្ធយកចិត្តទុកដាក់ ក្នុងការអនុវត្តប្រសាសន៍របស់សម្តេចតេជោដើម្បីអោយមានប្រសិទ្ធិភាពផងដែរ។
គួររំលឹកថា រដ្ឋបាលរាជធានី កាលពីថ្ងៃទី២០ខែសីហានេះ បានចេញសេចក្តីជូនដំណឺងមួយ ដល់កម្មករ កម្មការិនី ដើម្បីជួយសំរួលដល់ការចំណាយលើមធ្យាបាយប្រចាំថ្ងៃ សំដៅលើកកម្ពស់ ជីវភាពប្រចាំថ្ងៃ តាមប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលអនុញ្ញាតិអឱ្យកម្មករ កម្មការិនី ជិះរថយន្តក្រុង គ្រប់ខ្សែរត់ក្នុងរាជធានីភ្នំពេញ ដោយមិនគិតថ្លៃសេវារយៈពេល២ឆ្នាំ ដោយគ្រាន់តែបង្ហាញកាតការងារតែប៉ុណ្ណោះ ជាមួយគ្នានោះ លិខិតដដែលក៏បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ក៏ដូចជាសេចក្តីត្រូវការលើ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង របស់ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត និងកម្មករ កម្មការិនី រដ្ឋបាលរាជធានី ក៏បានធ្វើការកែសម្រួលតម្រាយផ្លូវចាស់ ព្រមទាំងដាក់ដំណើរការតម្រាយខ្សែរត់ថ្មីបន្ថែមទៀត។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលរាជធានី មានការកែសម្រួលតម្រាយផ្លូវនៃខ្សែរត់ចាស់ ខ្សែរត់ទី២៖ ចេញពីចំណតពីអ៊ីអន២( AEON2) តាមផ្លូវឧកញ៉ាមុងឬទ្ធី រង្វង់មូលកាំកូស៊ីធី អង់តែងទួលគោក ផ្លូវលេខ៧០ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧(វត្តភ្នំ) ផ្លូវព្រះនរោត្តម ផ្លូវជាតិលេខ២ ដល់ក្រុងតាខ្មៅ ខេត្តកណ្តាល។ ខ្សែរត់ទី៣៖ ចេញពីចំណតសួនច្បារឬស្សីកែវ តាមផ្លូវជាតិលេខ៥ ដល់រង្វង់មូលគួចកាណុងផ្លូវលេខ៤៧(វត្តភ្នំ)ផ្លូវព្រះនរោត្តម ផ្លូវលេខ១៣០ផ្សារធំថ្មី មហាវិថីកម្ពុជាក្រោមស្ពានអាកាស៧មករា មហាវិថីសហព័ន្ធរុស្សី រង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ ដល់ចំណតបុរីសន្តិភាព២៕