រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ នគរបាលនាយកដ្ឋានប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានបញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរករណីលក់ផលិតផលក្លែងក្លាយ នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ។
គួរម្លឹកថា ប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយនោះធ្វើឡើងនៅគេហដ្ឋាន របស់ស្ត្រីឈ្មោះ ឆេង ស្រីរ័ត្ន ដែលជាជនសង្ស័យផ្ទាល់តែម្តង ស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីជំនាញបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើង បន្ទាប់ពីស្ត្រីរូបនេះបានលក់ផលិតផល ដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាព ឲ្យបានច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ម្យ៉ាងទៀតផលិតផលឡេ ដែលស្ត្រីរូបនេះលក់នោះវាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ស្បែករបស់អ្នកប្រើប្រាស់។
ចុងក្រោយលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បាន សម្រេចបញ្ជូនតារាលក់ឡេលាបស្បែកតាម Facebook ទៅឃុំខ្លួនដាក់ពន្ធនា គារបណ្តោះអាសន្នហើយ ដោយជាប់ពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។
ស្ត្រីដ៏ស៊ិចស៊ីរូបនេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់បញ្ជូនឲ្យសើមសួរតាមមាត្រា១៧ និងមាត្រា៦៣ នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព និងសេវា។
មាត្រា១៧នៃច្បាប់នេះចែងថា «ត្រូវបានហាមឃាត់ដាច់ខាតការក្លែងផលិតផលទំនិញដែលធ្វើជាកម្មវត្ថុពាណិជ្ជកម្មឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដោយធ្វើការកែច្នៃផលិតផលទំនិញដោយរបៀបណាមួយ ដោយធ្វើការបញ្ចូលបន្ថែមការដកចេញ ឬប្តូរជំនួសនៃភាគណាមួយឬភាគទាំងមូលដែលពុំត្រូវបានអនុញ្ញាតឱ្យធ្វើដោយបទបញ្ញតិឬទម្លាប់ បើពុំមានបទបញ្ញតិឬដែលសមស្របទៅនឹងបទបញ្ញតិ»៕