រាជធានីភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ CMAC បានសរសេរ អត្ថបទមួយ នៅក្រោមចំណងជើងថា «អ្វីទៅដែលហៅថា បដិវត្តន៍ពណ៌? តើបដិវត្តន៍ពណ៌ កើតឡើងតាមរបៀបណា និងមានគោលបំណងអ្វី? what is color revolution? How can it happen and serves what purpose?» បង្ហោះនៅលើ Facebook ផ្លូវការរបស់ខ្លួន។
លោក ហេង រតនា អគ្គនាយក CMAC បានអះអាងថា បដិវត្តន៍ពណ៌ច្រើនតែកើតឡើង នៅពេលបោះឆ្នោត ជាក់ស្តែងដូចកាលពីឆ្នាំ២០១៣-២០១៤ជាដើម។
អគ្គនាយក CMAC បានសរសេរថា តាមអ្នកជំនាញខាងយោធាបានលើកឡើងថា បដិវត្តន៍ពណ៌ជាចលនា សង្គ្រាមមនោគមវិជ្ជា តាមរយៈបាតុកម្មអហឹង្សា កូដកម្ម និងអន្តរាគមន៍ ដើម្បីផ្លាស់ប្តូររបបដឹកនាំមួយ! តាមការសង្កេតឃើញថា បដិវត្តន៍ពណ៌ មានឱកាសកកើតឡើង ពីរឱកាសសំខាន់គឺ៖
១៖ ឱកាសនៅពេលបក្សកាន់អំណាចនោះ មានលេចចេញបាតុភាពអាក្រក់អ្វីមួយកើតឡើង ដូចជាការចោទប្រកាន់ទាក់ទងអំពើពុករលួយ អស្ថិរភាពសេដ្ឋកិច្ច បញ្ហាជាតិនិយមលើការប្រកាន់ពូជសាសន៍ បូរណភាពទឹកដី និងបញ្ហាបរិស្ថានជាដើម និង ២៖ ឱកាសនៅពេលបោះឆ្នោត។
អ្នកដឹកនាំអនុវត្តបដិវត្តន៍ពណ៌ ភាគច្រើនជាបក្សប្រឆាំងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល (NGOs) ហើយកំលាំងចូលរួម គឺមហាជន និងពិសេសយុវជន។ តាមអ្នកជំនាញសង្កេតឃើញថា របៀបនៃការដំណើរការបដិវត្តន៍ពណ៌មានប្រាំ (៥) ជំហ៊ានសំខាន់គឺ៖
១៖ ការចលនាបាតុកម្មទ្រង់ទ្រាយធំ ដោយអហឹង្សា (peaceful mass protests)
២៖ ការញុះញង់ និងការធ្វើឲ្យបាត់ជំនឿ ចំពោះរដ្ឋាភិបាលកំពុងកាន់អំណាច (provocation and discrediting the government in power)
៣៖ ការបន្សាបអំណាច (the neutralization of power)
៤៖ ការបង្កចលាចលសង្គម និងនយោបាយ (Social and Political chaos)
៥៖ ការឡើងដណ្តើមអំណាច (a takeover power)
ការបកស្រាយងាយយល់ ចំពោះបដិត្តន៍ពណ៌នេះ គឺជារដ្ឋប្រហារដោយប្រើប្រាស់កំលាំង (ស៉ីវិល) ប្រជាជនដោយអហឹង្សា! ហើយអ្នកនៅ ក្រោយបដិវត្តន៍ពណ៌ ដើម្បីទាញយកនូវផលប្រយោជន៍ និងឥទ្ធិពលមនោគមវិជ្ជាសំរាប់រដ្ឋរបស់ពួកគេ!! បដិវត្តន៍ពណ៌ដោយសន្មត់ យកចលនានោះជាពណ៌ ជាប្រភេទផ្កា ជាក្លិន ដើម្បីងាយចំណាំ និងយល់ដឹង!!
គេឃើញថា បដិវត្តន៍ពណ៌នេះច្រើនតែជាប់ផុង ក្នុងដំណាក់កាលទី៤ គឺចលាចលសង្គម និងនយោបាយ នៅពេលដែលបក្សកាន់អំណាច មិនព្រមចុះចាញ់ ពេលនោះនឹងប្រែក្លាយ ទៅជាសង្គ្រាមស៉ីវិលតែម្តង ដូចករណីនៅប្រទេស ស៉ីរី និងលីបីជាដើម។
បដិវត្តន៍ពណ៌ច្រើនកើតឡើង នៅពេលឱកាសបោះឆ្នោត! ព្រោះថា នៅក្នុងឱកាសបោះឆ្នោតនេះ ងាយស្រួលក្នុងការបង្កើនសន្ទុះទឹកចិត្ត មហាជន និងយុវជនឲ្យប្រឆាំងបក្សកាន់អំណាច។ ជាកលល្បិច និងយុទ្ធសាស្ត្រយ៉ាងសំខាន់ នៅពេលមុនបោះឆ្នោតពួកគេខិតខំពង្វក់ ស្មារតី និងអូសទាញជំនឿទុកចិត្តមហាជនថា ពួកគេដាច់ខាតនឹងឈ្នះក្នុងការបោះឆ្នោត នៅពេលចាញ់ឆ្នោតគេត្រូវលើមូលហេតុថា មកពីការបោះឆ្នោតមិនតម្លាភាព កេងបន្លំសន្លឹកឆ្នោត លួចសន្លឹកឆ្នោត បំផ្លាញសន្លឹកឆ្នោត ទាមទារការបោះឆ្នោតឡើងវិញទាមទាររាប់ សន្លឹកឆ្នោតឡើងវិញ ចោទប្រកាន់បក្សកាន់អំណាច និងគណកម្មការបោះឆ្នោត ជាក្រុមតែមួយជាដើម។
នោះជាឱកាសនៃការចាប់ផ្តើម និងទាញយកស្មារតីយ៉ាងមុតស្រួច ជាឆន្ទះគ្មានរួញរាក្នុងការចលនា តស៊ូតវ៉ាប្រឆាំងរដ្ឋាភិបាល! ឱកាសនេះងាយស្រួល ក្នុងការអនុវត្តយុទ្ធវិធីទី២ នៃកលល្បិចក្នុងការធ្វើបដិវត្តន៍ពណ៍ គឺការញុះញុង និងការធ្វើឲ្យបាត់ជំនឿ ចំពោះបក្សកំពុងកាន់អំណាច! គេបានបង្កើតក្រុមជំនាញការងារធ្វើបដិវត្តន៍ពណ៌នេះ ដែលហៅថាមជ្ឈមណ្ឌល សំរាប់អនុវត្តសកម្មភាព និងយុទ្ធសាស្ត្រដោយអហឹង្សា (the Centre for Applied Nonviolation Action and Strategies = CANVAS)!
នៅកម្ពុជាឆ្នាំ២០១៣-២០១៤ ពិតជាមានកើតបដិវត្តន៍ពណ៌នេះ ពិតប្រាកដមែន ហើយឥឡូវនេះ គេឃើញមានក្រុមជំនាញមកជាច្រើន អង្គការបានជាប់ពាក់ព័ន្ធ! តើអ្នកដឹកនាំ បដិវត្តន៍ពណ៌ត្រូវទទួលខុសត្រូវយ៉ាងណា?៕