រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ពោលគឺផ្តន្ទាទោសអ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំកន្លះដែល រឿងចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោក កែម ឡី។
លោក ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសវនាការនៅព្រឹកថ្ងៃទី២៩ ខែសីហានេះថា សាលដីកានេះត្រូវបានប្រកាសដោយកំបាំងមុខជនជាប់ចោទ មេធាវីការពារជនជាប់ចោទ និងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តែចាត់ទុកជាចំពោះមុខ។
អ្នកស្រី ថាក់ ឡានី ជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី អ្នកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី ។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសអ្នកស្រី ថាក់ ឡានី ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួន១០០រៀល៕