កម្មការិនី​ខ្មែរ​រងគ្រោះ​ជិត​១៣​ឆ្នាំ​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​បានបញ្ជូនមក​ដល់ក​ម្ពុ​ជា​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការសហការ​សម្របសម្រួល​ដោយ​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កម្មការិនី​ខ្មែរ​ម្នាក់​ដែល​រងគ្រោះ​ជិត​១៣​ឆ្នាំ​នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត នោះ​ឥឡូវនេះ​បាន​មកដល់​កម្ពុជា​ហើយ ។ ស្ត្រី​រងគ្រោះ​បានធ្វើ​ដំណើរ​មកដល់​មាតុភូមិ​កម្ពុជា​វិញ នៅ​យប់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ នេះ ។​
​នារី​រងគ្រោះ​មានឈ្មោះ ម៉ាត់ សា​ណាស អាយុ​២៨​ឆ្នាំ រស់នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បាន​ទៅ​បម្រើ​ការងារ​ជា​ស្ត្រី​មេផ្ទះ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត តាំងពី​អាយុ​១៧​ឆ្នាំ​មកម្ល៉េះ តាមរយៈ​ក្រុមហ៊ុន​មួយ​ក្នុងប្រទេស​កម្ពុជា តែ​នាង​មិន​ស្គាល់ឈ្មោះ​ក្រុមហ៊ុន​បោកប្រាស់​នោះទេ​។ នារី​រងគ្រោះ​បញ្ជាក់ថា ពេលទៅដល់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូ​ឌិ​ត ក្នុង​ការងារ​ជា​ស្ត្រី​មេផ្ទះ នាង​ត្រូវគេ​ប្រើ​តាមតែ​អំពើ​ចិត្ត​ហួសកម្លាំង​ពលកម្ម គ្មាន​សេរីភាព​ទេ ម្ចាស់ផ្ទះ​ក៏​មិន​បើក​ប្រាក់ខែ​ឲ្យ​ទៀត ឯ​ក្រុមហ៊ុន​នាំទៅ និង​ក្រុមហ៊ុន​ទទួល​នោះ ក៏​មិនដែល​ទៅតាម​ដាន​មើល យកចិត្តទុកដាក់ និង​ដោះស្រាយ​បញ្ហា​ឲ្យ​នាង​នោះទេ ។​
​នារី​រងគ្រោះ​បាន​រៀបរាប់ថា អស់​រយៈពេល​ជិត​១៣​ឆ្នាំ នាង​មិនដែល​ទទួលបាន​ប្រាក់​ឈ្នួល​ឡើយ លិខិតឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ម្ចាស់ផ្ទះ​ដកហូត និង​បំផ្លាញចោល​អស់ ។ ប្រឈម​ការលំបាក​នោះ​រូបនាង ប៉ុន្តែ​កញ្ញា​បាន​អំពាវនាវ​សុំ​កិច្ច​អន្តរាគមន៍​តាមរយៈ Facebook ក៏មាន​ការផ្សព្វផ្សាយ​ចែកចាយ​បន្ត រហូតដល់​សាយភាយ​ព័ត៌មាន​នេះ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ហើយក៏​មានការ​អន្តរាគមន៍​ជួយ​រូបនាង​វិល​ត្រឡប់មក​កម្ពុជា​វិញ ៕