រុស្ស៊ី ៖ គ្មាន​ថ្ងៃ​ប្រើ​កម្លាំងយោធា ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​នោះឡើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 August, 2017 ក+ ក-

​យូ​អិន ៖ តំណាង​ជាន់ខ្ពស់​របស់​ប្រទេស​រុស្ស៊ី ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក Vasily Nebenzya បាន​ថ្លែងថា វា​មិនអាច​ទៅរួច​នោះទេ ក្នុងការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​នោះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​បណ្តាញសារព័ត៌មាន​រុស្ស៊ី Sputnik​។​
​លោក Nebenzya បាន​អះអាងថា ការធ្វើ​ឲ្យ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ វិល​ទៅរក​ភាព​ធម្មតា​វិញ​នោះ គឺ​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ថយ​មួយ​ជំហាន​ម្នាក់ នោះ​គឺ​កូរ៉េខាងជើង​ត្រូវ​បញ្ឈប់​ការធ្វើ​តេស្ត​មី​ស៊ី​ល​- នុយក្លេអ៊ែរ ហើយ​អាមេរិក​-​កូរ៉េខាងត្បូង ក៏​ត្រូវតែ​បញ្ឈប់​ការធ្វើ​សមយុទ្ធ​យោធា​រវាង​គ្នា និង​ការដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​គ្រាប់​មី​ស៊ី​ល​កម្រិត​ខ្ពស់ ដែល​ហៅថា THAAD នោះ​ផងដែរ​។ ទន្ទឹម​នោះ​លោក​រំពឹងថា ក្រុមប្រឹក្សាសន្តិសុខ​ទៅលើ​បញ្ហា​កូរ៉េខាងជើង​នេះ​នឹង​ផ្តល់នូវ​លក្ខខណ្ឌ​គ្រប់យ៉ាង​ដើម្បី​ដោះស្រាយ​វិបត្តិ​។
​ជាមួយគ្នា​នោះ​លោក​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា គំនិត​របស់​ប្រទេស​ចិន និង​រុស្ស៊ី គឺ​តំណាង​ឲ្យ​ដំណោះស្រាយ​គ្រប់យ៉ាង​ដែល​អាច​យកទៅ​សម្រួល​វិបត្តិ​នានា ឲ្យ​ប្រសើរ​ឡើងវិញ​បាន​៕