រាជធានីភ្នំពេញ ៖ យោងតាមបណ្ដាញ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅល្ងាចថ្ងៃទី៣០ ខែសីហា ដំណើរការកំណែមុខវិជ្ជាទាំង១០មណ្ឌល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២១ សីហា ២០១៧ ត្រូវបានបញ្ចប់ទាំងស្រុង ក្រោមការបំពេញភារកិច្ច យ៉ាងសកម្ម និងមានទំនួលខុសត្រូវខ្ពស់ ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំ ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ។
បណ្ដាញសង្គមដដែល បានបន្តថា ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗ មកទុកនៅនាយកដ្ឋាន មធ្យមសិក្សាចំណេះទូទៅ ដើម្បីចាប់ផ្ដើមរៀបចំដំណើរការ ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ។
ចំពោះលទ្ធផលប្រឡង នឹងប្រកាសនៅថ្ងៃ១២ ខែកញ្ញាខាងមុខ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ចំណែកនៅថ្ងៃទី១៣ ខែកញ្ញា ប្រកាសនៅតាមបណ្តាខេត្តនានា។ ក្នុងនោះក្នុងគេហទំព័រ របស់ក្រសួងអប់រំ នឹងមានផ្សព្វផ្សាយពីលទ្ធផលនេះ ផងដែរ ៕