អាមេរិក​ទាមទារ​ឲ្យ​រុស្ស៊ី​បិទ​ស្ថាន​កុងស៊ុល​ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ជាបន្ទាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2017 ក+ ក-

​វ៉ាស៊ីនតោន ៖ តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក​បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​និង​កំពុង​ទាមទារ​ឲ្យ​ប្រទេស​រុស្ស៊ី​បិទ​ប្រ​ស្ថាន​កុងស៊ុល​របស់ខ្លួន ប្រចាំ​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ រួមទាំង​អគារ​ឧ​ប​សម្ពន្ធ​ចំនួន​០២​កន្លែង​ទៀត ដែល​ស្ថិតក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​ទីក្រុង​ញូយ៉ក​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​ការចេញ​សេចក្តីប្រកាស​ខាងលើ​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ​កាលពី​ខែកក្កដា​កន្លងទៅ​បា​នប​ង្ខំ​ឲ្យ​សហរដ្ឋអាមេរិក កាត់បន្ថយ​ចំនួន​បុគ្គលិក​ការទូត​របស់ខ្លួន​ចំនួន​រាប់រយ​នាក់ ដែល​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​រុស្ស៊ី នៅត្រឹម​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ខណៈ​ចំណាត់ការ​វាយបក​របស់​ទីក្រុង​វ៉ាស៊ីនតោន បាន​តម្រូវ​ឲ្យ​ភាគី​រុស្ស៊ី​អនុវត្តន៍​តាម​ឲ្យ​បាន​ចប់សព្វគ្រប់​រួចរាល់​នៅ​ថ្ងៃទី​០២ ខែកញ្ញា​ខាងមុខ ពោលគឺ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​។​
​សូម​រម្លឹកថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​បណ្តេញ​បុគ្គលិក​ការទូត​អាមេរិក​ជាង​៧០០​នាក់ ចេញពី​ទឹកដី​ប្រទេស​រុស្ស៊ី កាលពី​ខែកក្កដា​កន្លងទៅ​ថ្មីៗ​នេះ ដើម្បី​ឆ្លើយតប​ចំពោះ​ការដាក់ទណ្ឌកម្ម​បន្ថែម​ពី​សហរដ្ឋអាមេរិក ប្រឆាំង​ទៅលើ​ទីក្រុង​ម៉ូស្គូ និង​ជាការ​សងសឹក ចំពោះ​ការដែល​រដ្ឋបាល​អតីត​មេដឹកនាំ​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ចំនួន​៣៥​នាក់ យ៉ាង​តក់ក្រហល់​ចេញពី​អាមេរិក​កាលពី​ចុងឆ្នាំ​២០១៦​ផងដែរ​៕