រាជធានីភ្នំពេញ ៖ ថ្ងៃទី០១ ខែកញ្ញានេះ ជាថ្ងៃដំបូងនៃដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមការិយាល័យបោះឆ្នោតគ្រប់ឃុំ-សង្កាត់ទាំងអស់ នៅទូទាំង២៥រាជធានី-ខេត្ត។
តាម គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាមានចំនួនសរុប ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ពោលគឺគ្រប់អាយុបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០១៨ (គិតដល់ថ្ងៃបោះឆ្នោត) មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបាន ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់ ខណៈប្រជាពលរដ្ឋដែល ត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួន ១,៤១២,១៤៩នាក់។ នេះជាចំនួនប៉ាន់ស្មាន។ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ គឺដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
គួរបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត គឺចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមការិយាល័យបោះឆ្នោតគ្រប់ឃុំ-សង្កាត់ទាំងអស់ នៅទូទាំង២៥រាជធានី-ខេត្ត៕