កូរ៉េខាងជើង ៖ ពលរដ្ឋអាមេរិកកាលពីម្សិលមិញបាននាំគ្នាសម្រុកចេញពីទីក្រុងព្យុងយ៉ាងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនក្នុងរយៈពេល១ថ្ងៃមុនពេលដែលបទបញ្ជាហាមឃាត់មិនឲ្យពលរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនឹងចាប់ផ្តើមអនុវត្ត។
បទបញ្ជាដែលហាមឃាត់ពលរដ្ឋអាមេរិកមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនោះនឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ប៉ុន្តែមានករណីលើកលែង៤ប្រភេទដែលមានដូចជា ក្រុមការងារមនុស្សធម៌, ក្រុមអ្នកកាសែត, បុគ្គលិកកាកបាទក្រហមដែលកំពុងបំពេញបេសកកម្មផ្លូវការ និងរាល់ការធ្វើដំណើររបស់បុគ្គលណាដែលយល់ឃើញថាមានផលប្រយោជន៍ដល់ជាតិ។
បច្ចុប្បន្នប្រទេសកូរ៉េខាងជើងកំពុងឃុំខ្លួនពលរដ្ឋអាមេរិកចំនួន៣នាក់ ដោយក្នុងនោះម្នាក់ត្រូវបានកាត់ទោសរួចរាល់ហើយ និង២នាក់ទៀតដែលត្រូវបានឃុំខ្លួននៅក្នុងឆ្នាំនេះមិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការនៅឡើយទេ។
គួរបញ្ជាក់ថា បទបញ្ជានេះត្រូវបានបង្កើតឡើងបន្ទាប់ពីនិស្សិតអាមេរិកម្នាក់បានបាត់បង់ជីវិតក្រោយពីត្រូវបានកូរ៉េខាងជើងដោះលែងពីពន្ធនាគារ៕