អ្នកនាំពាក្យ CNRP ថា​មិន​ខ្លាច​ការស៊ើបអង្កេត​រឿង​ប្រភព​ថវិកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែងថា គណបក្ស​លោក​មិន ខ្លាច​ឬ​បារម្ភ​អំពី​ការស៊ើបអង្កេត​រឿង​ប្រភព​ថវិកា​ពី​ក្រសួងមហាផ្ទៃ​នោះទេ ។ លោក​ថា គណបក្ស ស្វាគមន៍​ជានិច្ច ហើយ​មិន​តក់ស្លុត ចំពោះ​ការព្រមាន​ចាត់វិធានការ​តាមច្បាប់​ចំពោះ CNRP នោះឡើយ ។​
ការអះអាង​របស់លោក យឹម សុវណ្ណ ដូច្នេះ​បានធ្វើ​ឡើង​តាមរយះ​វិទ្យុ​ក្រៅ​ស្រុក​មួយ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ថា នឹង​បើក​ការស៊ើបអង្កេត​អំពី​ប្រភព​ថវិកា​របស់​គណបក្ស សង្គ្រោះ​ជាតិ បន្ទាប់ពី​បណ្តាញ Facebook មួយ​ឈ្មោះ « កូន​ខ្មែរ » បាន​ទម្លាយ​ឯកសារ​សម្ងាត់ ខណដែល​គណបក្សប្រឆាំង​បាន​លួច​ឃុបឃិត​ជាមួយ​អង្គការ​អន្តរជាតិ ដើម្បី​រៀបចំ​ផែនការ​ផ្តួល រំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន ។​
​គួរ​បញ្ជាក់ថា ក្រោយពី​មានការ​បញ្ចេញ​ព័ត៌មាន​ជា​បន្ដបន្ទាប់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​បរទេស​ដើម្បី​រៀបចំ​ផែនការ​ផ្ដួលរំលំ​រដ្ឋាភិបាល ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​បើក​ការស៊ើបអង្កេត​ចំពោះ​ប្រភព​ថវិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា គណបក្ស​នេះ បានទទួល​ថវិកា​ពី​ក្រៅប្រទេស ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​នៅ​កម្ពុជា​ដែល​ល្មើស​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ។​
​ទាក់ទិន​ករណីនេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ធ្លាប់មាន​ប្រសាសន៍ថា រហូតមកដល់​ពេលនេះ​ក្រសួង​មិនទាន់​ចាត់ទុក​ព័ត៌មាន​បែកធ្លាយ​នោះ​យ៉ាងណាទេ គ្រាន់តែ​ស្រាវជ្រាវ​មើល​ប៉ុណ្ណោះ ថា​តើ​ពិត​កម្រិតណា យើង​មិនទាន់​ចាត់ទុកថា ៖“…​ព័ត៌មាន​នេះ​ពិតប្រាកដ ឬ​មិន​ពិតប្រាកដ​ទេ យើង​គ្រាន់តែ​ស្រាវជ្រាវ​រកមើល​ថា រឿងនេះ​ពិត ឬ​មិន​ពិត​កម្រិតណា​…​អញ្ចឹង​ក្នុងនាម​ជា​អគ្គនាយកដ្ឋាន ដែលជា​សេនាធិការ​របស់​ក្រសួងមហាផ្ទៃ​នេះ យើង​បានស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​មានការ​ស៊ើបអង្កេត​រឿង​ហ្នឹង​…”​។​
​តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ការទទួល​លុយ​ពី​បរទេស ដើម្បី​ធ្វើ​នយោបាយ​នៅ​កម្ពុជា​នេះ​គឺជា​រឿង​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​ទាំងមូល ដែល​ច្បាប់​ស្តីពី​គណបក្សនយោបាយ​បាន​ហាមឃាត់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កើតឡើង​ដូច​អតីតកាល​។​
​លោក​បញ្ជាក់ថា “​នៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ គឺ​ហាម​ដាច់ខាត មិន​ឲ្យ​គណបក្សនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ទទួល​ជំនួយ​ពី​បរទេស​យកមក​ធ្វើ​សកម្មភាព​ទេ ពីព្រោះ​នេះ គឺជា​ការជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​គណបក្ស​នីមួយៗ ឬ​ជាតិ​យើង​។​យើង​មាន​សោកនាដកម្ម សង្គ្រាម​បង្ហូរឈាម ដោយសារតែ​ការជ្រៀតជ្រែក​របស់​បរ​ទេស ប៉ុន្តែ​បើ​គ្រាន់តែ​រៃអង្គាស​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នូវ​អង្ករ​១​កំប៉ុង​លុយ​១​រៀល​ឬ​ប៉ុន្មាន​ក៏ដោយ​មិន​បញ្ហា​អី​ដែរ​៕