បញ្ជូន​ស្ត្រី​មេខ្លោង​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ស្រី្ត​មេខ្លោង​វ័យក្មេង​ម្នាក់​ដែលជា​អ្នកលក់​ស្ដ្រី​ខ្មែរ ឲ្យ​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ម្នាក់​តម្លៃ​ប្រហែល​១,៥០០​ដុល្លារ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប និង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​នេះ​។​
​អនុប្រធាននាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន លោក សូ វ៉ាន់ឌី បាន​បញ្ជាក់ថា ស្ដ្រី​ជា​មេខ្លោង​នេះ​ឈ្មោះ អ៊ុ រ៉ា​ឌី​ន ហៅ​មាំ ហៅ​ម៉ា ដាម ហៅ​ជោ​លី អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៩៦​ឃ ផ្លូវជាតិ​លេខ​៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ បានធ្វើ​សកម្មភាព​ឃោសនា​បោក​បញ្ជោត​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ចាម​១៦​នាក់ កំពង់ធំ​៦​នាក់ និង​ខេត្តកំពង់ឆ្នាំង​២​នាក់ (​សរុប​២៦​នាក់​) ឲ្យ​ទៅធ្វើ​ការ​ជា​ស្ដ្រី​ជំនួយការ​មេផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់ ចាប់ពី​៣០០​ដុល្លារ ទៅ​៤០០​ដុល្លារ ក្នុង​មួយខែ ចំណែក​សោហ៊ុយ​គ្រប់បែបយ៉ាង​មេខ្យល់​រូបនេះ ជា​អ្នកចំណាយ​ទាំងអស់​៕