រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចពិភាក្សានៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ត្រីកម្ពុជានិង ឡាវ បានធ្វើសន្និសិទកាសែតរួមគ្នាមួយ ហើយបានបង្ហាញជំហរដូចគ្នាថា នឹងដោះស្រាយបញ្ហា ព្រំដែនដែលនៅសេសសល់ សំខាន់ចំណុចព្រំដែនដែលមានវិវាទកន្លងទៅក្នុងខេត្តស្ទឹងត្រែង ដោយឈរលើគោលការណ៍ស្មើភាព មិត្តភាព មិនឲ្យនរណាខាតឬចំណេញនោះទេ ។
លោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតឡាវ បានបង្ហាញ នូវការប្តេជ្ញាចិត្តនិងជឿជាក់លើការដោះស្រាយបញ្ហាព្រំដែន ដោយស្មើភាពនិងមិត្តភាពដោយមិន ឲ្យភាគីណាខាតឬចំណេញនោះឡើយ ។ ទន្ទឹមនោះលោកក៏បានយល់ព្រមទទួលយកនូវ សំណើរ៤ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនូវ សេសសល់ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីការបញ្ចប់ការពិភាក្សាយើងបាន ព្រមព្រៀងគ្នាលើ៤ចំណុចសំខាន់ៗ សម្រាប់ធ្វើការដោះស្រាយបញ្ហាព្រំដែន ក្នុងនោះរួមមាន ទី១៖ នៅប៉ុន្មានថ្ងៃខាងមុខទៀត រដ្ឋមន្ដ្រីការបរទេស នៃប្រទេសទាំង២ នឹងប្រជុំនៅទីក្រុងភ្នំពេញ ដើម្បីរកការដោះស្រាយ ស្រុះស្រួល និងការយោគយល់គ្នា។
ទី២៖ ភាគីមិត្តឡាវ ក៏បានយល់ព្រមតាមសំណើរបស់កម្ពុជា ពិនិត្យដោះស្រាយ៤ចំណុច ដែលនៅសេសសល់ តាមរយៈលិខិត ដែលខ្ញុំផ្ញើជូន ឯកឧត្តម ថោងលន់។ ទីតាំងដែលត្រូវដោះស្រាយនោះ មាននៅចំណុចបង្គោលលេខ០៣៣ លេខ០១៧ តំបន់អូរស្វាយ-វើនខាំ ទីតាំងទី៤ បង្គោលលេខ០៣ (១) ហើយចំណុចទាំងនេះត្រូវដោះស្រាយ មុនចំណុចអូរតាង៉ាវ ដោយសារតែចំណុចអូរតាង៉ាវ មានការលំបាក ដូច្នេះត្រូវប្រយ៉ាប់ប្រយ៉ាល់ចុះដោះស្រាយ៤កន្លែងនេះមុន។
ទី៣៖ ភាគីទាំង២ ឯកភាពគ្នាឲ្យគណៈកម្មាធិការព្រំដែនទាំង២ ចុះទៅដោះស្រាយនៅនឹងកន្លែង នៅតំបន់អូរតាង៉ាវ ដែលបញ្ហានៅសេសសល់។ តាមការឯកភាពគ្នា គឺយើងត្រូវពិនិត្យដីណាជារបស់កម្ពុជា និងដីណាជារបស់ឡាវ គឺត្រូវកំណត់ឲ្យច្បាស់រកឃើញមួយកន្លែង ត្រូវបោះបង្គោលនៅកន្លែងនោះតែម្ដង។ យោងទៅតាមចំណុចនេះ យើងនៅសល់តែ២០បង្គោលតែប៉ុណ្ណោះ ដែលមិនទាន់បានបោះនៅក្នុងតំបន់អូរតាង៉ាវនេះ ដូច្នេះសូមឲ្យភាគីទាំង២ចុះទៅដល់កន្លែង ហើយដេកនៅទីនោះតែម្ដងទៅ។
ចំណុចទី៤៖ នាយករដ្ឋមន្ដ្រីទាំង២ នឹងសរសេរលិខិតជូនទៅប្រធានាធិបតីបារាំង ដើម្បីជួយផ្ទេរផែនទីពីខ្នាត ១/១០០.០០០ មកខ្នាត១/៥០.០០០ និងសុំឲ្យបារាំងផ្ដល់ឯកសារផ្សេងទៀត ដែលទាក់ទងដល់ព្រំដែនកម្ពុជាឡាវ ។
យ៉ាងណាក៏ដោយសម្តេច ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ថា សម្តេចនឹងស្នើសុំផែនទីក៏ដូច ជាឯកសារពាក់ព័ន្ធពីប្រទេសបារាំងយកមកផ្ទៀងផ្ទាត់និងបោះបង្គោលព្រំដែន ដើម្បីបញ្ចប់មន្ទិល បញ្ហាព្រំដែន រវាងកម្ពុជានិងឡាវ ៕