ខេត្តបន្ទាយមានជ័យ ៖ នគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីជំនាញស៊ីម៉ាកដែលមានការដឹកនាំកម្លាំងស៊ើបអង្កេតផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមនិងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក តេង សាម៉ៃ បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត៣ទៅ៤ម៉ោង ទៅលើករណីផ្ទុះ រថយន្ត១គ្រឿងម៉ាកIZUZU គ្មានមូលហេតុនៅខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ និងផ្ទះប្រជាពលរដ្ឋ៣ខ្នងរងការខូចខាត ត្រូវបានលោក ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានអះអាងបញ្ជាក់ឱ្យដឹងថា ករណីផ្ទុះរថយន្តនោះមិនជាប់ពាក់ព័ន្ធនិងអំពើភេវរកម្មនោះឡើយ ហើយក៏មិនជាប់ ពាក់ព័ន្ធនិងការប្រើប្រាស់បណ្តាលមកពីការដឹកផ្ទុករំសេវបំផ្ទុះTNTនោះដែរ។
ការផ្ទុះ នោះ អាចបណ្តាលមកពីមូលហេតុមាន៖ ២ប្រភេទទី១/-សង្ស័យបង្កមកពីរថយន្តដឹកផ្ទុក រំសេវផាវ គ្រាប់បែក និងផាវកាំជ្រួច រៀបចំទុកដាក់ខុសបច្ចេកទេស ដោយគ្មានការវិចខ្ចប់ត្រឹមត្រូវ បណ្តាលឲ្យឆ្លងចរន្តភ្លើងទៅនិងផាវគ្រាប់បែក,ទី២/-សង្ស័យអាចផ្ទុះឆ្លងចរន្ត ភ្លើងម៉ាស៊ីន រថយន្តទៅនឹងផាវរំសេវគ្រាប់បែក ដឹកផ្ទុកលើសទម្ងន់កំណត់សំពីងសំពោង ដែលមានចង ដឹក ផ្ទុកម៉ូតូ៤គ្រឿងពីលើរថយន្តនោះថែមទៀតផង ទើបអាចបណ្តាលឱ្យផ្ទុះតែម្តងនិងទី៣/-អាចម៉ូតូសង្កត់ធ្ងន់ពីលើយូរទៅបង្កឲ្យក្តៅឆេះផ្ទុះគីបផាវ។ការអះអាងរបស់លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ គឺដើម្បីបញ្ចៀសកុំឱ្យមហាជន មានការភាន់ច្រឡំ និងបង្កកើតមានភាព ចលាចលសង្គម។ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមសង្គមហ្វេសប៊ុកបានផ្សាយបំប៉ោងព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ថាជាអំពើភេរវកម្មរឺការផ្ទុះគ្រាប់បែកនោះ។
ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ៖វេលាម៉ោងប្រហែល១១ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រែកល្ពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានករណីរថយន្ត១គ្រឿងម៉ាកIZUZU ដឹកផ្ទុករំសេវផាវ គ្រាប់បែងជាច្រើនតោន និងម៉ូតូ៤គ្រឿងបង្កឲ្យមានការផ្ទុះលាន់យ៉ាងកក្រើក ដូចផ្ទុះមីនតោន ធ្វើប្រជាពលរដ្ឋនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យមានការភ័យខ្លាច។ការផ្ទុះនោះ បណ្តាល ឱ្យអ្នកជិះក្នុងរថយន្ត៣នាក់ស្លាប់មានបើកបរ,ឈ្មោះ ញ៉ូន វីរៈ ភេទប្រុសអាយុ ៣៥ឆ្នាំ នៅភូមិ ២សង្កាត់កំពង់ស្វាយ ក្រុង សិរីសោភ័ណ និង ព្រូឡាន ចំនួន ០២ នាក់ ម្នាក់ឈ្មោះ ព្រំ រស់ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ នៅភូមិ បង់បត់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី និងម្នាក់ ឈ្មោះ សី ហា មិនស្គាល់ត្រកូល ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិ ជា មួយឈ្មោះ ញ៉ូន វីវៈ និងអ្នកជិះម៉ូតូរ៉ឺម៉ក១គ្រឿងមានគ្នា២នាក់ ក្បែររថយន្តបានរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលដឹកបញ្ជូនយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យស្រុកមង្គលបុរី។ ចំណែកប្រជាពលរដ្ឋលក់ដូរនិងរស់នៅក្បែរកន្លែងកើតហេតុគេចផុតពីគ្រោះថ្នាក់។សាកសពជនរងគ្រោះ៣នាក់និងរថយន្តរួមនិងម៉ូតូ៤គ្រឿងត្រូវគេមើលឃើញជាបំណែកៗផ្លោងខ្ទាត ចម្ងាយជាច្រើនរយម៉ែត្រ។មិនតែប៉ុណ្ណោះឥទ្ធិពលនៃការផ្ទុះក៏បានបង្កឱ្យផ្ទះប្រជាពលរដ្ឋនៅកន្លែងកើតហេតុ៣ទៅ៤ខ្នងរងការខូចខាតបែករបើកដំបូលនិងរបើកជញ្ជាំង និងខូចខាត ទ្រព្យសម្បត្តិមួយចំនួនផងដែរ។
ប្រជាពលរដ្ឋឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា៖ រថយន្តនោះបានធ្វើដំណើរចេញពី ទិសខាងជើងក្រុងសិរីសោភ័ណឆ្ពោះទៅទិសខាងត្បូងលុះមកដល់កន្លែងកើតហេតុក៏ស្រាប់តែផ្ទុះគ្មានមូលហេតុបណ្តាលឱ្យលាន់ឮធ្វើឲ្យពួកគាត់មានការតក់ស្លត់ជាខ្លាំងគួបផ្សំនិងឃើញសាច់មនុស្សហោះប៉ើង។
បើតាមប្រភពព័ត៌មានពីប្រពន្ធសពជនរងគ្រោះប្រាប់ឱ្យដឹងថាប្តីរបស់គាត់ជាអ្នកបើករថយន្តស៊ីឈ្នួលដឹកទំនិញទៅវិញទៅមកពីក្រុងសិរីសោភ័ណ-ភ្នំពេញជាយូរឆ្នាំមក ហើយ។ នៅមុនថ្ងៃកើតហេតុប្តីគាត់បានទៅដឹកទំនិញចេញពីចំណតរថយន្តចាស់ក្នុងក្រុសរិសោភ័ណ។មិនដឹងថាទំនិញនៅលើរថយន្តជាអ្វីទេ និងរបស់ថៅកែណាម្នាក់នោះ ឡើយ។ប៉ុន្តែកាល ពីម្សិលមិញថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ រថយន្តខូចប្តីនាងយកទៅធ្វើនៅកន្លែងជាងជួស ជុលរថយន្តមួយក្នុងក្រុងសិរីសោភ័ណ លុះបន្ទាប់មកទើបគាត់ទៅយករថយន្ត ពីកន្លែងជាង ទៅរៀបចំឥវ៉ាន់នៅចំណតរថយន្តនោះ។
ពាក់ព័ន្ធបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលការងារ ព្រហ្ម 510ទណ្ឌបញ្ជាក់ឱ្យដឹងទៀតថា៖ទោះបីយ៉ាងណាសមត្ថកិច្ចនៅតែបន្តបើកការស្រាវជ្រាវស៊ើបអង្កេតលំអិតបន្ថែមទៀតទៅលើបញ្ហាខាងលើនេះ៕