CNRP អំពាវនាវ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2017 ក+ ក-

​ភ្នំពេញ ៖ ស្របពេល​ស្វែងរក​ការអន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ គណបក្ស​សង្គ្រោះ​ជាតិ បាន​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ ផងដែរ​។

​សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ការចាប់ខ្លួន​នេះ ថា​ជា​ហេតុផល​នយោបាយ និង​បំពាន​ច្បាប់ និង​រដ្ឋធម្មនុញ្ញ ខណៈ​លោក កឹម សុខា គឺជា​អ្នកតំណាងរាស្ត្រ ដែលមាន​អភ័យឯកសិទ្ធិសភា​នៅឡើយ និង​ទាមទារ​ឱ្យ​បញ្ឈប់​ការ​គម្រាមកំហែង​គាបសង្កត់ តាម​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ មាន​សមត្ថកិច្ច​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់លំដាប់​ថ្នាក់​តទៅទៀត​។​

បើតាម​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល ឲ្យ​ដឹងថា លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង តាមរយៈ​វីដេអូ​ក្លី​ប ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញ CBN (Cambodia Broadcasting Network) និង​ភស្តុតាង​ដទៃទៀត ដែល​បង្ហាញថា លោក កឹម សុខា បាន​ឃុបឃិត​គ្នា​ជាមួយ​បរទេស ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ក្រុងភ្នំពេញ​ស្របច្បាប់​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​។​

​សូមបញ្ជាក់ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​០០:៣៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​របស់លោក ស្ថិតនៅ​ក្នុងផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ហើយ​បើតាម​ការឱ្យដឹង​ពី​សមត្ថកិច្ច​ថា លោក កឹម សុខា ត្រូវបាន​បញ្ចូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។​

​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​រក្សា​ការ​ស្ងប់ស្ងាត់ និង​ទុក​ករណីនេះ ជូន​តុលាការ​ដើម្បី​ចាត់ការ​បន្ត​ជា​សមត្ថកិច្ច​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​៕