ភ្នំពេញ ៖ កាសែតបរទេស The Cambodia Daily បានផ្សាយនៅថ្ងៃទី៣ កញ្ញានេះថា នឹងបិទការចេញផ្សាយ របស់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ បន្ទាប់ពីពុំមានលទ្ធភាពបង់ពន្ធ ជូនរដ្ឋាភិបាល កម្ពុជា តាមការកំណត់។
យោងតាមការប្រកាសរបស់កាសែត The Cambodia Daily បានឱ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ គឺគម្រប់៣០ថ្ងៃនៃការកំណត់ ដែលអគ្គនាយករដ្ឋានពន្ធដារ ទុកពេលឲ្យកាសែត The Cambodia Daily ធ្វើការតវ៉ាអំពីបញ្ហាជំពាក់ពន្ធរដ្ឋ ចំនួនជាង៦លានដុល្លារ ក្រោយដំណើរការនៅកម្ពុជាដោយគ្មានបង់ពន្ធរយៈពេលជាង១០ឆ្នាំមកនេះ។
សូមបញ្ជាក់ថា ករណីឈានដល់ការបិទបញ្ឈប់ប្រតិបត្តិការរបស់អង្គភាពព័ត៌មាន The Cambodia Daily បន្ទាប់ពីមានឯកសារពន្ធដារត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានបង្ហាញថា កាសែត The Cambodia Daily ដែលបានធ្វើអាជីវកម្មព័ត៌មាននៅកម្ពុជា រយៈពេល១០ឆ្នាំមកនេះ ពុំបានបង់ពន្ធជូនរដ្ឋនោះទេ ដែលទឹកប្រាក់ជំពាក់ពន្ធរដ្ឋ រហូតដល់ 25,756,015,695 រៀល (ប្រមាណ៦លានដុល្លារ)។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ បានថ្លែងបញ្ជាក់ថា៖ «បើទោះបីមានការបិទក៏ដោយ ក៏ការអនុវត្តពន្ធនៅតែបន្ត បំណុលពន្ធត្រូវតែសង, អ្នកទទួលខុសត្រូវរបស់អង្គភាពព័ត៌មាននេះ ជាអ្នកទទួលខុសត្រូវចំពោះបំណុលពន្ធរបស់រដ្ឋ មិនអាចគេចខ្លួនបានទេ ហើយក៏មិនអាចចាកចេញពីកម្ពុជាផងដែរ ព្រោះយើងអនុវត្តតាមច្បាប់សារពើពន្ធរបស់កម្ពុជា។ អគ្គនាយកដ្ឋានពន្ធដារ នឹងចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីនេះ នៅថ្ងៃទី៤ ខែកញ្ញា នេះ ព្រោះជាថ្ងៃឱសានវាទ»។
ជាថ្មីទៀត កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា នេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការហួសចិត្តចំពោះកាសែត The Cambodia Daily ដែលរកស៊ីមិនបង់ពន្ធនៅកម្ពុជា ហើយនៅពេលដែលរដ្ឋាភិបាលតម្រូវឲ្យបង់ពន្ធតាមច្បាប់ បែរជាចោទប្រកាន់រាជរដ្ឋាភិបាលថា ផ្តាច់ការ និងបំបិទសិទ្ធិសេរីភាព សារព័ត៌មានឯករាជ្យ ទៅវិញ៕