មី​យ៉ាន់​ម៉ា ៖ សាលារៀន​៤១៨​កន្លែង​ត្រូវ​បិទទ្វារ​ដោយសារ​អំពើហិង្សា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 September, 2017 ក+ ក-

រ៉ង់​ហ្គូ​ន ៖ អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បាន​បង្ខំចិត្ត​បិទទ្វារ​សាលារៀន​សរុប​៤១៨​កន្លែង នៅក្នុង​ទីក្រុង​ចំនួន​បី​នៃ​ភាគ​ខាងជើង​រដ្ឋ Rakhine ខណៈ​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រវាង​ក្រុម​សកម្មប្រយុទ្ធ Arakan Rohingya Salvation Army (ARSA) និង​កងកម្លាំង​រដ្ឋាភិបាល​មាតា​ប្រជាធិបតេយ្យ​របស់ លោកស្រី អោ​ង​សាន ស៊ូ​ជី នៅតែ​បន្ត​កើតមាន​។ នេះ​បើតាម​សារព័ត៌មាន​មី​យ៉ាន់​ម៉ា Global New Light of Myanmar​។​
​តាម​នាយកដ្ឋាន​អប់រំ​នៃ​រដ្ឋ Rakhine បាន​ឲ្យ​ដឹងថា នៅក្នុង​ចំណោម​សាលារៀន​ទាំង​៤១៨​ទីតាំង ដែល​បាន​បិ​ទ្វារ មាន​១៨៣​សាលា នៅក្នុង​ទីក្រុង Maungtaw, ២១២​សាលា​នៅឯ​ទីក្រុង Buthidaung និង ២៣​សាលា នៅក្នុង​ទីក្រុង Yathedaung ខណៈដែល​សិស្ស​ចំនួន​៨០,០០០​នាក់​បាន​ចុះឈ្មោះ​ចូលរៀន​តាម​សាលា​នានា​ក្នុង​ទីក្រុង Maungtaw សម្រាប់​ឆ្នាំ​សិក្សា​២០១៧​នេះ ដោយ​ចាប់ផ្ដើម​ចូលរៀន​កាលពី​ខែមិថុនា មកម្ល៉េះ​។​
​ជម្លោះជាតិសាសន៍​រដ្ឋ Rakhine អស់​រយៈ​ជាច្រើន​សប្ដាហ៍​មកនេះ​បាន​ផ្ដាច់​យក​ជីវិត​មនុស្ស​ជិត​៤០០​នាក់ ខណៈដែល​៣៨,០០០​នាក់​ផ្សេងទៀត​បាន​ភៀសខ្លួន​ទៅកាន់​ព្រំដែន​ប្រទេស​បង់​ក្លា​ដែ​ស ដោយ​ក្នុងនោះ​ភាគច្រើន​ជា​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​៕