រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារបានប្រើវិធានការក្តៅ ចំពោះកាសែតបរទេសមួយឈ្មោះ Cambodia Daily ដោយអគ្គនាយកដ្ឋានមួយនេះ បានធ្វើលិខិតស្នើសុំកិច្ចសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការតឹងទារបំណុល ពន្ធលើក្រុមហ៊ុន BERNARD KRISHER JIMUSHI Co., Ltd. (កាសែត The Cambodia Dialy)។ ការប្រើវិធានការក្តៅនេះ គឺបន្ទាប់ពីកាសែត Cambodia Daily បានប្រកាសបិទទ្វារដោយខ្លួនឯងដំណាលគ្នានៃថ្ងៃឱសានវាទដែលកំណត់ដោយអគ្គនាយកដ្ឋាន ។
យោងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ក្រុមហ៊ុន BERNARD KRISHER JIMUSHI Co., Ltd. (កាសែត The Cambodia Dialy) មានលោកស្រី Deborath Krisher Steele ជាអភិបាលសហគ្រាស និងលោក DOUGLAS ERIC STEELE ជាអ្នកចាត់ការទូទៅ មិនបានបំពេញកាតព្វកិច្ចសារពើពន្ធ បានត្រឹមត្រូវ ដោយជំពាក់បំណុលពន្ធចំនួន ២៥,៧៥ពាន់លានរៀល (ប្រមាណជាង៦លានដុល្លារសហរដ្ឋអាមេរិ) ៕