អាមេរិក និង​កូរ៉េខាងត្បូង​លុបចោល​ការដាក់កំហិត​នៃ​ការផលិត​មី​ស៊ី​ល​របស់​កូរ៉េខាងត្បូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2017 ក+ ក-

សេ​អ៊ូ​ល ៖ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​ផ្សាយ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជែ​អ៊ី​ន និង លោក ដូ​ណា​ល់ ត្រាំ បាន​ឯកភាពគ្នា​លុបចោល​ការដាក់កំហិត​ក្នុង​ការផលិត​គ្រាប់​មី​ស៊ី​ល​របស់​កូរ៉េខាងត្បូង ដែលជា​ផ្នែក​មួយ​នៃ​ការពង្រឹង​សមត្ថភាព​យោធា​កូរ៉េខាងត្បូង​ក្នុង​ទប់ទល់​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​។​
​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​Park Soo-hyun បាន​ថ្លែងថា ការព្រមព្រៀង​គ្នា​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក មូ​ន និង​លោក ត្រាំ កាលពី​ម្សិលមិញ​នេះ​។ លោក​បញ្ជាក់ថា លោក​ប្រធានាធិបតី មូ​ន បាន​ពិភាក្សា​តាម​ទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ចន្លោះ​ពី​ម៉ោង​១០ និង​៤៥​នាទី​យប់ ដល់​ម៉ោង​១១ និង​២៥​នាទី​យប់ (​ម៉ោង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​) ដោយ​អ្នក​ទាំង​ពីរបាន​ជជែក​គ្នា​ពី​វិធានការ​ទប់ទល់​នឹង​កូរ៉េខាងជើង ក្រោយ​បាន​បំផ្ទុះ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជា​លើក​ទី​០៦ កាលពី​ថ្ងៃអាទិត្យ​។​
បន្ថែម​ពីលើ​នេះ អ្នក​ទាំងពីរ ក៏បាន​ឯកភាពគ្នា​លុបចោល​ការដាក់កំហិត​លើ​ការផលិត​មី​ស៊ី​ល​ផងដែរ ដើម្បី​ពង្រឹង សមត្ថភាព​យោធា​កូរ៉េខាងត្បូង​ប្រឈមមុខ​នឹង​ការគំរាមកំហែង ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង​។​
​សូមជម្រាប់ថា បើតាម​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បើសិនជា​ទីក្រុង​សេ​អ៊ូ​ល ចង់​ផលិត​ឬក៏​ចង់​បង្កើន​ចំនួន​សព្វាវុធ​របស់ខ្លួន ត្រូវ​ទទួល​ការយល់ព្រម​ពី​ទីក្រុង​វ៉ាស៊ីនតោន ជាមុនសិន​៕