ករណី​បំផ្ទុះ​រថយន្ត​នៅ​ខេត្តបន្ទាយមានជ័យ អាវុធហត្ថ​ឃាត់ខ្លួន​មនុស្ស​៩​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2017 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៩​នាក់ ដោយ​សង្ស័យ​ជាប់​ពាក់​ព​ន្ធ័​ក្នុងករណី​បំផ្ទុះ​រថយន្ត​កាលពី​ព្រឹក​ថ្ងៃទី​១ ខៃ​កញ្ញា​កន្លងទៅ​ថ្មីៗ​នេះ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​។​
​តាម​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន ៖ ១.​ឈ្មោះ សាំង សោភ័ណ ភេទ​ស្រី អាយុ​៣១​ឆ្នាំ​, ២.​ឈ្មោះ ថា​ន់ បញ្ញា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ៣.​ឈ្មោះ យ៉ា​ត សុគន្ធ ហៅ​តា​រី​វ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​, ៤.​ឈ្មោះ ហ៊ា មុយ ភេទ​ស្រី អាយុ​៦០​ឆ្នាំ​, ៥.​ឈ្មោះ អ៊ុក ភុំ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​, ៦.​ឈ្មោះ រិ​ន នាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ៧.​ឈ្មោះ គីង ច្រិ​ប ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​, ៨.​ឈ្មោះ ប៊ូ ធីតា ភេទ​ស្រី អាយុ​២៨​ឆ្នាំ​, និង​៩.​ឈ្មោះ អៀរ ម៉ុ​យ​យូ ហៅ​លាង​យូ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ​, ទាំង​៩​នាក់​នេះ មាន​ទីលំនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​។​
​ទោះជា​យ៉ាងណា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់ថា ជន​ទាំង​៩​នាក់​ខាងលើ មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​រថយន្ត​ទេ គ្រាន់តែ​ជាប់​ពាក់ព័ន្ធ​នឹង​ការរកស៊ី​ទិញ​លក់​ផាវ​ដោយ​មិនដឹងថា ជាការ​ស៊ី​ខុសច្បាប់​ប៉ុណ្ណោះ​។ បន្ទាប់ពី​រកឃើញថា មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​រថយន្ត​ទាំង​៩​នាក់ ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ កាលពី​រសៀល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧​។​
ក្រោយ​ការស៊ើបអង្កេត ដោយ​ឆ្លងតាម​ការស្រាវជ្រាវ និង​ធ្វើការ​ត្រួតពិនិត្យ​លើ​វត្ថុតាង សមត្ថកិច្ច​សន្និដ្ឋានថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះ​រថយន្ត គឺ​ដោយសារ​រថយន្ត​១​គ្រឿង​នោះ ដឹក​ផាវ​គ្រាប់បែក​ចំនួន​៨​កេះ មានការ​ធ្វេ​រ​ប្រហែស ដោយ​ទុក​ខុស​បច្ចេកទេស​៕