រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន នៅថ្ងៃនេះ បានប្រតិកម្មតបទៅនឹង ការសម្រេចចិត្តខុសឆ្គង របស់ពួកបរទេសមួយចំនួន ទាក់ទងសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ។ សម្តេចបានថ្លែងថា សូមមិត្តភក្តិបរទេសមួយចំនួនស្តាប់សំដីលោក កឹម សុខា ឲ្យបានច្បាស់ ហើយសម្តេចបានចោទជាសំណួរថា បើសិនជាករណីនេះ កើតឡើងនៅប្រទេសរបស់ពួកគេ នោះ តើពួកគេទទួលយកបានទេ ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា មិត្តភក្តិបរទេសទាំងឡាយ មើលឃ្លោង ឃ្លាឱ្យបានច្បាស់ មួយម៉ាត់ៗៗៗៗ សូមកុំច្បោលៗ តើប្រទេសរបស់អ្នកអាចទទួលយកបានទេ ប្រសិនបើសម្តីបែបនេះ បើអ្នកជាខ្ញុំ។ អ្នកត្រូវស្តាប់ឱ្យច្បាស់ “គេបញ្ជា គេបញ្ជាគេប្រាប់ខ្ញុំ ឱ្យធ្វើនេះ គេប្រាប់ខ្ញុំឱ្យធ្វើនោះ គេឱ្យខ្ញុំយកម៉ូឌែល យូហ្គោស្លាវី ខ្ញុំមិនមែនធ្វើតាមចិត្តនឹកឃើញ ទេ មានសាស្ត្រាចារ្យមកពីអាមេរិក មកពីកាណាដា”…។ លេងអញ្ចឹងៗ ហើយតាំងខ្លួនជា អ្នកស្នេហាជាតិស្អីទៀត»។
សម្តេច ហ៊ុន សែន បានបន្ថែមទៀតថា លោក កឹម សុខា បានក្បត់ជាតិរបស់ខ្លួនឯង ហើយឃុបឃិតជាមួយប្រទេស ព្រមទាំងបានធ្វើខុសនូវសម្បថរបស់ខ្លួន នៅមុខព្រះមហា ស្វេតឆត្រ ព្រះមហាក្សត្រ និងសម្តេចសង្ឃ ដែលថាស្មោះត្រង់ចំពោះជាតិខ្មែរ មិនឱ្យបរទេស មកបង្គាប់បញ្ជា ឬជ្រៀតជ្រែកដល់ កិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ ៕