សេអ៊ូល ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា រថយន្ដបាញ់មីស៊ីលនៃប្រព័ន្ធខែលការពារមីស៊ីល THAAD ចំនួនបួនគ្រឿងបន្ថែមទៀតនឹងត្រូវបានដាក់ពង្រាយនៅថ្ងៃព្រហស្បតិ៍នេះ នៅឯមូលដ្ឋានអាមេរិកនៃតំបន់សឹងជូ ស្ថិតក្នុងខេត្តជីយ៉ុងសាងខាងជើង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ការដាក់ពង្រាយរថយន្ដបាញ់មីស៊ីល THAAD គឺជារឿងបន្ទាន់ត្រូវតែធ្វើដើម្បីទប់ទល់នឹងការគំរាមហែងផ្នែកសន្តិសុខ ជាយថាហេតុណាមួយ ពីសំណាក់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដែលទើបតែបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ ធ្វើឱ្យរញ្ជួយដល់សហគមន៍អន្តរជាតិ។
លោកបន្ថែមថា នៅពេលដែលរថយន្ដបាញ់មីស៊ីលទាំងបួននេះ ត្រូវបានដាក់ពង្រាយរួចរាល់ នោះប្រព័ន្ធមីស៊ីលអាមេរិកនឹងត្រូវបំពាក់ទាំងស្រុង ក្នុងនោះរួមមានរថយន្ដបាញ់មីស៊ីលចំនួន០៦ គ្រឿង ប្រព័ន្ធស្ទាក់ចាប់មីស៊ីល៤៨ អង្គភាពគ្រប់គ្រងការបាញ់មីស៊ីល និងប្រព័ន្ធទំនាក់ទំនង រួមទាំងរ៉ាដា AN/TPY-2 ផងដែរ។ ទោះបីយ៉ាងណាក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេកជាក់លាក់ក្នុងការប្រតិបត្តិការនៅឡើយទេ៕