អ្នកកាសែត​ដ៏​លេចធ្លោ​មួយរូប​នៅក្នុង​ប្រទេស​ឥណ្ឌា​ត្រូវគេ​បាញ់សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2017 ក+ ក-

​ឥណ្ឌា ៖ អ្នកកាសែត​ដ៏​លេចធ្លោ​ម្នាក់​ក្នុងប្រទេស​ឥណ្ឌា​ដែល​តែងតែ​រិះគន់​នយោបាយ​ជាតិនិយម​របស់​ក្រុម​ហិណ្ឌូ​ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​ខាងក្រៅ​ផ្ទះ​របស់​លោកស្រី​ស្ថិតនៅក្នុង​ទីក្រុង​បាំង​ហ្គា​ល័​រ ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​។​
​លោកស្រី ឡាំង​ឃី​ស វ័យ​៥៥​ឆ្នាំ​ត្រូវបាន​គេ​បាញ់សម្លាប់​ត្រង់​ក្បាល និង​ដើមទ្រូង​ដោយ​ក្រុម​ខ្មាន់កាំភ្លើង​ដែល​បាន​ប្រើប្រាស់​ម៉ូតូ​ធ្វើជា​មធ្យោបាយ​ធ្វើដំណើរ​។ មូលហេតុ​ដែល​ជំរុញអោយមាន​ឃាតកម្ម​នេះ​មិនទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ​ទេ ខណៈដែល​កំពុង​ស្រាវជ្រាវ​ស្វែងរក​តំរុយ​។​
​លោកស្រី ឡាំង​ឃី​ស គឺជា​អ្នកកាសែត​ដ៏​ល្បីល្បាញ​ម្នាក់ទៀត​ដែល​ត្រូវបាន​គេ​បានសម្លាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ក្រុម​សកម្មជន​បាន​និយាយ ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​ឥណ្ឌា​កំពុងតែ​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​ជាតិនិយម​រ៉ាឌីកាល់​ហិណ្ឌូ​។​
​ជុំវិញ​ករណីនេះ​សមាជិក​នៃ​សមាគម​អ្នកកាសែត​ឥណ្ឌា​បាន​សម្ដែង​ការខឹង​សម្បា និង​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​នេះ និង​បាន​ថា ពួកគេ​នឹងធ្វើ​ការតវ៉ា​នៅក្នុង​រដ្ឋធានី​ញូ​ដេលី នៅ​ថ្ងៃ​ពុធ​នេះ​៕