ភ្នំពេញ ៖ លោក ឈាង វុន អ្នកនាំពាក្យតំណាងរាស្ត្រភាគីច្រើននៅក្នុងរដ្ឋសភារបស់គណបក្សប្រជាជន បានបញ្ជាក់ថា រដ្ឋសភានឹងកោះប្រជុំពេញអង្គ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាករណីរឿងសមត្ថកិច្ចចាប់ខ្លួនលោកកឹម សុខា បន្ទាប់ពីតុលាការ សម្រេចចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសក្នុងអំពើក្បត់ជាតិ។សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិ នៅវេលាម៉ោងប្រមាណ១២៖៣៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្ន តុលាការ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ គណបក្សប្រឆាំង នៅមិនទាន់សម្រេចថា នឹងចូលរួម ក្នុងកិច្ចប្រជុំរដ្ឋសភា ដែលរៀបចំនៅថ្ងៃទី១១ ខែកញ្ញា ខាងមុខនេះនៅឡើយទេ៕