ក្រិក ៖ ប្រធានាធិបតីប្រទេសបារាំង លោក អេម៉ាញូអែល ម៉ាក្រុង បានអំពាវនាវឲ្យសមាជិកសហភាពអឺរ៉ុបបង្កើតតំបន់អឺរ៉ុបឲ្យកាន់តែខ្លាំង និងរឹងមាំថែមទៀត។ លោកថ្លែងបែបនេះនៅពេលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក ម៉ាក្រុង បានអំពាវនាវឲ្យសមាជិកសហភាពអឺរ៉ុបបង្កើនឡើងវិញនូវប្លុកអឺរ៉ុបដែលមានអាយុកាល៦០ឆ្នាំមកនេះជាមួយកំណែទម្រង់នយោបាយទូទៅបើមិនដូច្នេះប្រឈមនឹងការមិនធ្វើសមាហរណកម្មយឺតយ៉ាវជាមិនខាន។ ទន្ទឹមនោះលោក ម៉ាក្រុង ក៏បានជំរុញឲ្យប្រទេសសហភាពអឺរ៉ុបទាំងអស់ធ្វើការពិនិត្យសើរើថ្នាក់ជាតិរយៈពេល៦ខែឡើងវិញស្ដីពីកំណែទម្រង់សហភាពអឺរ៉ុបមុនពេលដាក់ចេញឲ្យអនុវត្ត។
ទោះបីយ៉ាងណាលោក ម៉ាក្រុង ក៏បានគាំទ្រចំពោះកិច្ចប្រឹងប្រែងសម្រាប់ការធ្វើសមាហរណកម្មឲ្យកាន់តែជិតស្និទ្ធជាងមុននៅតំបន់អឺរ៉ុបដែលកំពុងរងគ្រោះដោយវិបត្តិហិរញ្ញវត្ថុ បញ្ហាចំណាកស្រុក វិបត្តិប្រជានិយម និងការចាកចេញរបស់ចក្រភពអង់គ្លេសផងដែរ៕