រាជធានីភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនយកម្ម និងសំណង់គ្រោងនឹងរៀបចំបង្កើតទីក្រុងថ្មីមួយបន្ថែមទៀត ដែលមានឈ្មោះថា ទីក្រុងនាគរាជតេជោ ។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងមួយនេះ ។ មន្ត្រីរូបនោះបញ្ជាក់ថា ការបង្កើតទីក្រុងថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ដែលចេះតែកើនឡើងជាបន្តបន្ទាប់។
លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) ខណៈដែលលោកអះអាងថា គម្រោងបង្កើតទីក្រុងនាគរាជតេជោថ្មីនេះ ក្នុងគោលដៅធ្វើយ៉ាងណាដើម្បីកុំឱ្យទីក្រុងមានការកកស្ទះចរាចរណ៍ មានសោភណភាព និងបរិស្ថានល្អ ខណៈពេល ដែលការបង្កើតទីក្រុងភ្នំពេញ កាលពីជំនាន់មុនធ្វើឡើងតម្រូវទៅតាម ប្រជាពលរដ្ឋរស់នៅ ចំនួនត្រឹមតែក្រោម ១លាននាក់ប៉ុណ្ណោះ។ ប៉ុន្ដែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានកើន ឡើងរហូតដល់ជិត ៣លាននាក់ហើយ។
លោកបញ្ជាក់ថា ការបង្កើតទីក្រុងថ្មីនេះ ត្រូវធ្វើជាដំណាក់កាលៗ និងកាត់ចេញមកធ្វើ ជាកង់ៗដោយសារតែគម្រោងត្រូវការថវិកាច្រើនសន្ធឹកសន្ធាប់។ យោងទៅតាមស្ថានភាពបច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ គឺមនុស្សបានមករស់នៅច្រើនបណ្ដាលឲ្យមានការស្ទះចរាចរណ៍ ហើយសំណង់អគារមួយចំនួននៅមិនទាន់បានរៀបរយល្អ។ ដូច្នេះ បើតាមការសិក្សាស្រាវជ្រាវ បង្ហាញឲ្យឃើញថា កម្ពុជាបើគិតរហូតមកដល់ពេលនេះ គឺខកខានសាង សង់ទីក្រុងជាង៥៨០ឆ្នាំ ហើយគម្រោងចង់បង្កើតទីក្រុងថ្មីបន្ថែមទៀតនេះ គឺស្របពេលដែលប្រទេស ជាតិមានសុខសន្ដិភាព មានការរីកចម្រើនលើគ្រប់វិស័យ។
យ៉ាងណាក៏ដោយ គម្រោងបង្កើតទីក្រុងនាគរាជថ្មី គឺក្រុមការងារក្រសួងរៀបចំដែនដីបានរចនា គម្រោងរួចហើយ ប៉ុន្ដែត្រូវចំណាយថវិកាច្រើន ហើយប្រសិនបើគម្រោងនេះ ចាប់ផ្ដើមដំណើរការ ក្រុមហ៊ុនផ្នែកវិស័យសំណង់ របស់ប្រទេសបារាំងនឹងជួយគាំទ្រក្នុងការចូលរួមចំណែកសាងសង់សំណង់អគារ ការផ្ដល់ជំនាញបច្ចេកទេស ថ្មីៗដល់កម្ពុជាផងដែរ ។
ប៉ុន្តែទីតាំងសម្រាប់បង្កើតទីក្រុងថ្មីមួយនេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ខណដែលព័ត៌មានខាងក្រៅលេចឮថា ទីក្រុងថ្មីនេះគ្រោងបង្កើតនៅខេត្តកណ្តាល ៕