លោក ហង្ស ពុទ្ធា និយាយ​ពី​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បញ្ជាក់ថា​ចាប់ពី​ថ្នាក់​តំណាងរាស្ត្រ​រហូតដល់​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត និង​ឃុំ នឹងត្រូវ​បញ្ចប់​តំណែង ប្រសិនបើ​បក្សប្រឆាំង​ពិតជា​ត្រូវ​រំលាយចោល​នោះ ។ ភ្លាមៗ​នេះ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ប្រតិកម្ម​តប​ថា លោក​ហង្ស ពុទ្ធា និយាយ​ហួស​បច្ចេកទេស​ហើយ​។​
​លោក ហង្ស ពុទ្ធ អ្នកនាំពាក្យ គ​.​ជ​.​ប បញ្ជាក់​អំពី​ការ​អស់តំណែង​និង​តួនាទី​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ក្រោយ​ពេលដែល​មន្ត្រី​រដ្ឋាភិបាល​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​អាច​នឹងត្រូវ​រំលាយចោល ប្រសិន​គណបក្ស​នេះ​នៅតែ​រឹងទទឹង​មិន​ដូរ ឬ​ដាក់​ប្រធាន​ថ្មី​ជំនួស​លោក កឹម សុខា​ឬ​គណបក្ស​នៅតែ​ចេញមក​ការពារ​លោក​កឹម សុខា​។​
​លោក ហង្ស ពុទ្ធា បញ្ជាក់ប្រាប់​វិទ្យុ​ក្រៅ​ស្រុក​មួយ​ថា តាមច្បាប់​ស្ដីពី​ការជ្រើសតាំង​តំណាងរាស្ត្រ គឺ​ក្រោយពេល​រំលាយ​គណបក្ស​ហើយ សមាជិក​ទាំងអស់​ដែលមាន​តួនាទី​ជាប់​ដោយ​ការបោះឆ្នោត នឹង​ត្រូវអស់​តួនាទី​តាម​គណបក្ស​ដែល​ត្រូវគេ​រំលាយ​ដែរ​។​
​គួរ​បញ្ជាក់ថា ច្បាប់​វិសោធនកម្ម​ស្ដីពី​គណបក្សនយោបាយ​ដែល​ទើបត្រូវ​បានអនុម័ត​កាលពីពេល​ថ្មីៗ​នេះ បានចែង​នៅត្រង់​វាក្យខណ្ឌ​ទី​២ មាត្រា​៤៥​ថ្មី (​ស្ទួន​) ថា ត្រូវ​លុបឈ្មោះ​គណបក្សនយោបាយ​ចេញពី​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​នៅក្នុង​ករណី​ដែល​គណបក្សនយោបាយ​នោះ ត្រូវ​សម្រេច​ផ្អាក ឬ​ត្រូវបាន​រំលាយ​ដោយ​ស្របតាម​ច្បាប់​នេះ​៕